រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ខំ​បើកបរ​រថយន្ត​ទាំង​ស្ថានភាព​ងងុយដេក ធ្វើ​ដំណើរ​តាំងពី​ខេត្ត​ព្រះ​សីហ​នុម​ក​កាន់​រាជធានី​ភ្នំពេញ ហើយ​ជា​អកុសល​ងោក​មួយភាំង បណ្ដាល​ឲ្យ​រថយន្ត​របស់​គាត់​បោល​ទៅ​បុក​ផ្នែក​ខាងក្រោយ​រថយន្ត​យី​ឌុ​ប​ដឹក​ថ្ម​១​គ្រឿង ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង ។

ខណៈនោះ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​បុរស​នេះ​រង​របួស​នោះ​ឡើយ ប៉ុន្តែ​រថយន្ត​របស់​គាត់​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយ​ដាច់​រយះ​មុខ​ខាងឆ្វេង​ជា​ចម្រៀក​ៗ​ធ្លាក់​កាង​មុខ​មក​ដី​ព្រមទាំង​ដាច់​កង់​មុខ​ខាងឆ្វេង​១​គ្រាប់​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​៤ ត្រង់​ចំណុច​មុខ​បុរី​ញូ​វ​ថោ​ន ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មានឈ្មោះ​អ្វី​នោះ​ទេ​ដោយ​គ្រាន់តែ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ​គាត់​បាន​ចុះ​ទៅ​មើល​ការងារ​តាម​រោងចក្រ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ។ លុះដល់​វេលា​ម៉ោងជាង​៥​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ គាត់​បាន​បើកបរ​រថយន្ត​របស់​គាត់​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-3134 ។ ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ត្រឡប់​មក​ផ្ទះ​នៅ​ភ្នំពេញ ហើយ​ក៏​មាន​បំណង​បន្តដំណើរ​ទៅ​ពិនិត្យ​ការងារ​នៅ​ឯ​ក្រុង​បា​វិត ខេត្តស្វាយរៀង​ទៀត​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈ​ពេល​មក​ដល់​ពេជ្រ និល ជិត​កន្លែង​លោកយាយ ម៉ៅ គាត់​បាន​ឈប់​សម្រាក​ហូប​កាហ្វេ ដើម្បី​កុំ​ឲ្យ​ងងុយដេក ហើយ​មួយសន្ទុះ​ក្រោយមក​ទើប​បើកបរ​រថយន្ត​ធ្វើ​ដំណើរ​ចូល​ភ្នំពេញ​ជា​បន្ត​ទៀត ហើយ​បើក​មិនសូវ​លឿន​ប៉ុន្មាន​ទេ ព្រោះ​ខណៈនោះ​គាត់​ងងុយដេក ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ងោ​គ​មួយភាំង ទើប​បណ្ដាល​ឲ្យ​រថយន្ត​របស់​គាត់​បោល​ជ្រុល​ទៅ​បុក​ផ្នែក​ខាងក្រោយ​រថយន្ត​យី​ឌុ​ប​ដឹក​ថ្ម​១​គ្រឿង​ដែល​កំពុង​បើកប​ធ្វើ​ឲ្យ​រថយន្ត​របស់​គាត់​វិល​១​ជុំ និង​ស្ថិត​នៅ​ទទឹង​ថ្នល់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​ដោយសារ​តែ​គាត់​មានសំណាង ហើយ​គ្មាន​គ្រោះថ្នាក់​ដល់​ខ្លួន​បុរស​នេះ​បាន​បន្លឺ​សម្លេង​ថា «​ខ្ញុំ​ដូច​បាន​កើត​ម្ដងទៀត​អ​ញ្ចឹ​ង​» ។ រថយន្ត​របស់​គាត់​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយ​ដាច់​រយះ​មុខ​ខាងឆ្វេង​ជា​ចម្រៀក​ៗ​ធ្លាក់​កាង​មុខ​មក​ដី​ព្រមទាំង​ដាច់​កង់​មុខ​ខាងឆ្វេង​១​គ្រាប់​ផង​ដែរ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​ចុះ​ទៅ​ជួយ សម្រួល​ចរាចរណ៍ និង​បាន​ហៅ​រថយន្ត​មក​ស្ទួ​ច​ដឹក​រថយន្ត​រង​គ្រោះ​ចេញពី​កន្លែង​កើតហេតុ​ប្រគល់​ឲ្យ​ម្ចាស់​យក​ទៅ​ជួយ​ជុល​ដោយ​ខ្លួនឯង ព្រោះ​បុរស​នេះ​មិន​បាន​ប្ដឹង ឬ​ទាមទារ​សំណង​ពី​ខាង​ភាគី​រថយន្ត​យី​ឌុ​ប​ឡើយ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]