អង់គ្លេស៖ ក្លិបម្ចាស់ផ្ទះ Manchester United និងក្រុមភ្ញៀវ Paris Saint-Germain ត្រូវសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា (UEFA) បានសម្រេចពិន័យទាំងសងខាង ជុំវិញភាពមិនប្រក្រតីនិងរំខានជាច្រើន នាការប្រកួត UEFA Champions League ជើងទី១ កន្លងមក។

ក្រុមបិសាចក្រហម ត្រូវ UEFA ពិន័យពីបទអ្នកគាំទ្រគប់របស់ផ្សេងៗចូលមកក្នុងទីលាន និងបិទផ្លូវដើរ (តាមជណ្តើរ)។ ដោយឡែកក្រុម PSG វិញត្រូវបាន UEFA ពិន័យពាក់ព័ន្ធនឹងករណីដុតភ្លើងកាំជ្រួចក្នុងកីឡដ្ឋាន គប់របស់ផ្សេងៗ និងនាំឱ្យមានការរំខានដល់អ្នកទស្សនាផ្សេងទៀត។

ក្រុមអ្នកគាំទ្រគប់ដបចូលមកកាន់ទីលាន
ក្រុមអ្នកគាំទ្រគប់ដបចូលមកកាន់ទីលាន

មុនការប្រកួតចាប់ផ្តើម ក្រុមអ្នកគាំទ្ររបស់ PSG បានចាប់ផ្តើមដុតភ្លើង និងផ្សែងពេញតំបន់អ្នកគាំទ្រក្រុមភ្ញៀវនាកីឡដ្ឋាន Old Trafford។  សេចក្តីរាយការណ៍ផ្សេងទៀតបានឱ្យដឹងថា កៅអីជាង ៨០០ នៅកីឡដ្ឋាន Old Trafford ត្រូវរងការខូចខាត បន្ទាប់ពីរងការបំផ្លាញដោយទស្សនិកជននៅតំបន់អ្នកគាំទ្រក្រុមភ្ញៀវ PSG។ 

ចំពោះករណីផ្សេងទៀតដែលគួរឱ្យចាប់អារម្មណ៍គឺការចោលដបទឹក និងដបស្រាទៅកាន់កីឡាករ Angel Di Maria។ ពាក់ព័ន្ធករណីចោលដបទឹក និងដបស្រាចូលទៅទីលាននេះ សមត្ថកិច្ចបានបញ្ជាក់ថាមិនមានការឃាត់ខ្លួនណាមួយកើតឡើងឡើយ។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រម្នាក់ត្រូវនាំចេញពីកីឡដ្ឋានផងដែរ បន្ទាប់ពីមានករណីនេះកើតឡើង។

គួរឱ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះដែរ គណៈកម្មការវិន័យរបស់ UEFA នឹងធ្វើការប្រកាសសម្រេចនាថ្ងៃទី ២៨ ខែកុម្ភៈខាងមុខនេះ៕

អ្នកគាំទ្រ PSG ដុតផ្សែងក្នុងកីឡដ្ឋាន
កីឡាករក្រុម PSG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]