អង់គ្លេស៖ កាលពីពេលថ្មីៗនេះ លោក Arsene Wenger ដែលជាអតីតអ្នកចាត់ការរបស់ Arsenal បានបង្ហើបឱ្យដឹងពីមូលហេតុនៃការបដិសេធមិនទៅដឹកនាំក្លិប Real Madrid។ លោក Wenger ត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកពេញដោយសមត្ថភាពម្នាក់ ដែលក្លិបធំៗជាច្រើននៅអឺរ៉ុបសុទ្ធតែពេញចិត្ត និងចង់បានលោកទៅចូលរួម។

លោក Arsene Wenger បង្ហើបថា លោកធ្លាប់បានបដិសេធសំណើពីក្រុម Real Madrid ជាច្រើនដង អំឡុងពេលដែលលោកនៅដឹកនាំ Arsenal ដោយហេតុផលថា លោកពេញចិត្ត និងចង់ជួយ Arsenal បញ្ចប់ការសាងសង់កីឡដ្ឋាន Emirate ជាមុនសិន។

លោក Arsene Wenger នៅកីឡដ្ឋាន Emirate

ថ្លែងប្រាប់ BeIN Sports លោក Arsene Wenger ប្រាប់ថា៖ “ខ្ញុំធ្លាប់បដិសេធសំណើរបស់ Real Madrid ចោលជាច្រើនដង”។ លោកបន្ថែមថា៖ “ខ្ញុំមានអារម្មណ៍ថាវាលើសពីសមត្ថភាពរបស់ខ្ញុំ។ ពិតណាស់! បើសិនជាក្លិបសាកសួរទៅកាន់គ្រូបង្វឹកផ្សេង (ពីការមកដឹកនាំ Real Madrid) គ្រប់គ្នានឹងយល់ព្រម ព្រោះ Real Madrid ជាក្លិបធំជាងគេបំផុតលើលោក”។ 

ជាងនេះទៅទៀតលោកបានរម្លឹកថា៖ “មនុស្សយើងរស់នៅជាមួយតម្លៃផ្សេងៗគ្នា។ កាលនោះ Real Madrid បានដាក់សំណើមក គ្រាដែល Arsenal កំពុងសាងសង់កីឡដ្ឋានរបស់ខ្លួន ហើយខ្ញុំបានបដិសេធសំណើ  និងរីករាយជាមួយការសម្រេចចិត្តនៅ Arsenal បន្តទៀត”។

លោក Arsene Wenger

គួរបញ្ចាក់ថា លោក Arsene Wenger បានចាកចេញពី Arsenal បន្ទាប់ពីដឹកនាំក្រុមអស់រយៈពេល ២២ឆ្នាំ។ បច្ចុប្បន្ននេះក្លិបធំៗជាច្រើននៅអឺរ៉ុបកំពុងព្យាយាមទាក់ទង ចង់បានលោកទៅចូលរួមដើម្បីដឹកនាំក្រុមរបស់ពួកគេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]