ខេត្តបាត់ដំបង ​៖ យ៉ាង​ហោច​ណាស់​ មនុស្ស​២​នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​​បាន​រង​របួសធ្ងន់​ក្នុង​ឧប្បតិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ដ៏​​រន្ធត់​មួយ ​រវាង​រថយន្ត​និង​រថយន្ត​​​​បុក​គ្នាយ៉ាងពេញទំហឹង​ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ ស្ថិត​​លើក​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងប្ញស្សី​ ។​

សេចក្តីរាយការណ៍ឱ្យដឹងថា ចំពោះអ្នករង​​របួស​ ត្រូវបានស្គាល់១-ឈ្មោះ​ហង្ស វណ្ណ ភេទប្រុស អាយុ៤៨​ឆ្នាំ ​និង២-ឈ្មោះវ​ណ្ណះ ចរណៃ ភេទស្រី អាយុ១១​ឆ្នាំ​ មានទីលំនៅក្នុង​ស្រុក​បាកាន ខេត្តពោធិ៍សាត់​​ ។ ដោយ​ឡែ​ក ​អ្នក​ស្លាប់​វិញ​ ១-​ឈ្មោះ​សោម សុ​ី​ដេ​ត ភេទប្រុស អាយុ៤៦​ឆ្នាំ​ មានទីលំ​​នៅ​ឃុំ​រាំង​កេ​សី ស្រុក​សង្កែ​ (​អ្នកបើកបរ​រថយន្ត​តូច​) ២-ឈ្មោះ​ហង្ស សីហា ភេទប្រុស អាយុ៣៧​ឆ្នាំ​ រស់​នៅ​ឃុំ​រាំង​កេ​សី ស្រុក​សង្កែ​ ។

​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​​បង្ក​ឡើង​ដោយរថយន្ត​ម៉ាក​ហី​ុ​ណូ​ធុន​ដឹក​ជញ្ជូន ពាក់​ផ្លា​ក​លេខភ្នំពេញ 3A-2727 អ្នក​បេ​ី​កបរ​មិន​ស្គាល់​អត្តសញ្ញាណតែ​បាន​រត់គេច​ខ្លួន ដែល​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មូ​យ​គ្រឿង​ទៀត​ ម៉ាកហី​ុ​យ៉ាន់​​ដាយ ធុន​ដឹក​ជញ្ជូន​ដូច​គ្នា ពាក់​ផ្លា​ក​លេខ បាត់ដំបង​2B-6341 ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ផ្ទុយ​គ្នា​ ។ មន្ត្រី​ដដែល​​បញ្ជាក់ទៀត​​ថា នៅ​ក្នុង​​ហេតុ​​ការណ៍​នេះ ​​ធ្វើឱ្យ​​បុរស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង រីឯ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ទៀត​រង​របួសធ្ងន់ តែ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​អស់នោះ​នៅឡើយ​ទេ​។​

​បើ​តាម​ប្រភព​ពី​សាក្សី​បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​រថយន្ត​ធំ​ពាក់​ស្លាកភ្នំពេញ 3A-2727 ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច ​ឆ្ពោះទៅ​ខាងកើត ​។ លុះដល់​ចំណុច​ខាងលើ​ ស្រាប់តែ​រថយន្ត​យក្ស​នេះ ​បានរេចង្កូត​ទៅ​បុក​រថ​យន្ត​​មួយ​គ្រឿង​ទៀត​ពេញទំហឹង ដែល​កំពុង​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា ​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​ អ្នក​ភូមិ​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​មនុស្ស ​ដែល​កៀប​ជាប់​ក្នុង​រថយន្ត​តូច​ដែល​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ខណ​:​សមត្ថកិច្ច​ក៏​បាន​មក​ដល់​ជួយ​អត្តរា​គម​ន៏​ភ្លាម​ៗ​ដែរ​។​

​ទោះ​យ៉ាងណា​ ជុំវិញ​ករណី​គ្រោះថ្នាក់​នេះ បើ​តាម​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​បឋម​​លើ​ការ​​ពិនិត្យ​លើ​ទី​តាំង​​កើតហេតុ គឺ​អាច​ជា​កំហុស​ខាង​ភាគី​រថយន្ត​ធំ​ច្រើន​ជាង ដោយសារ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ ពេល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ​។ ក្រោយ​ធ្វើការ​វាស់វែង​មន្ត្រី​ជំនាញ​ បាន​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ខណ​:​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ រីឯ​សព​ជន​រង​គ្រោះ​ ត្រូវ​បាន​សាច់​ញតិ​មក​ទ​ទូល​យក​ទៅ​ធ្វើបុណ្យ​ហើយ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]