ខេត្ត​ត្បូងឃ្មុំ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល ដោយ​បាត់​ក្មេង​ស្រី​ជំទង់​ម្នាក់​ឈ្មោះ ទន់ មុន្នី​រចនា អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៩ ដោយ​មិនដឹង​ទៅ​ទីណា​ឡើយ​។

ជាមួយ​គ្នា​នោះ​ឪពុក​ម្តាយ​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ អន្តរាគមន៍​តាម​រក ហើយ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល ក៏​នៅ​មិន​ទាន់​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ​។

តាម​មន្ត្រី​នគរបាល​មួយ​រូប​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១២ កុម្ភៈ ក្មេង​ស្រី​ខាងលើ​បាន​អង្គុយ​ហូប​បាយ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ជាមួយនឹង​ឪពុក​។

បន្ទាប់​មក​ស្រាប់តែ​ម្តាយ បាន​សួរនាំ​កូនស្រី​ថា​៖ ចុះ​កូនស្រី ទៅ​រៀន​រាល់ថ្ងៃ​ម្តេច​ក៏​មិនឃើញ​គ្រូ​ចែក​សៀវភៅ​តាមដាន ហើយ​កូនស្រី​ឈ្មោះ រចនា បាន​ឆ្លើយ​តប​មក​ម្តាយ​វិញ​ថា សៀវភៅ​នោះ​គ្រូ​បាន​ធ្វើ​បាត់ រួច​កូនស្រី បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ដេក​។ មន្ត្រី​នគរបាល​បាន​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​១១​យប់ ស្រាប់តែ​ឮ​សូរ សំឡេង​អូស​កៅអី តែ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍ ដោយ​ម្នាក់​ៗ​បាន​នាំ​គ្នា​ដេក​បន្ត​ដល់​ភ្លឺ​។

លុះ​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ឪពុក​បាន​ដើរទៅ​គោះ​ទ្វារ​បន្ទប់​ហៅ​កូនស្រី តែ​មិន​បានឮ​សូរ​សំឡេង​ឆ្លើយ​តប​សោះ ដល់​ពេល​បើកទ្វារ​បន្ទប់​មិនឃើញ​កូនស្រី ហើយ​តាម​មើល​ចុះឡើង​ដឹង​ថា កូន​ចេញ​ទៅ​តាម​ទ្វារ​ក្រោយ​ផ្ទះ តែ​មុន​នឹង​ចាកចេញទៅ​បាន​បន្សល់​ទុក​នៅ​សំបុត្រ​មួយ​ច្បាប់​ដែល​មាន​ខ្លឹមសារ​ថា «​ប៉ា​ម៉ាក់​កូនសុំ​ទោស​កំហុស​គ្រប់យ៉ាង ដែល​កូន​ធ្វើ​ឲ្យ​ប៉ា និង​ម៉ក់​ពិបាកចិត្ត​ដោយសារ​តែ​កូន​រហូត​មក​….​ហើយ​ពេល​ដែល​ខ្ញុំ​សុំ​ទៅ​ទិញ​អី​ញ៉ាំ​ក៏មិន​ឲ្យ​ទៅ​ដែរ ជេរ​មុខ​ជេរ​ក្រោយ ពេល​ខ្ញុំ​ស្គម​គ្មាន​សាច់​គ្មាន​ឈាម​តាំង​ថា​ខ្ញុំ​ជក់​ថ្នាំ​ញៀន រាល់​ថ្ងៃនេះខ្មុំ​មិន​យល់​ទេ ចឹ​ង​ខ្ញុំ​សម្រេចចិត្ត​ចេញពីផ្ទះ​ហើយ »​។

ចំណែក​សមត្ថកិច្ច​មូលដ្ឋាន​វិញ​បាន​ប្រាប់​ថា ករណី​បាត់​ក្មេង​ស្រី​ខាងលើ​កំពុង​តែ​តាម​ស្រាវជ្រាវ​ហើយ ប្រសិនណាបើ​បងប្អូន​ឃើញ​នៅ​ទីណា​នោះ សូម​រាយការណ៍​មក​សមត្ថកិច្ច​ផង​។ ចំណែក​ឪពុក​ម្តាយ​វិញ កំពុង​តែ​រង់ចាំ​កូនស្រី​វិល​វិញ ដោយ​មិន​ប្រកាន់​រឿង​អ្វី​កើតឡើង​នោះ​ទេ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]