ខេត្តកំពង់ស្ពឺ ៖ ទំនងជា​ចង់​ដឹង​ថា​ ពេល​ស្រវឹង​មាន​អាកា​រៈ​បែប​ណា​ហើយ​មើលទៅ​ ទើប​នេន៤​អង្គ​ បាន​រៃ​លុយ​គ្នា​ទិញ​ស្រាបៀ​យក​មក​ផឹក ​រហូត​ស្រវឹង​ឡូឡា​ពេញវត្ត ។ លុះ​ព្រឹក​​ឡើង​ រឿងនេះ​បាន​ដឹង​ដល់​លោក​គ្រូ​ចៅអធិការ​ ក៏បាន​អនុវត្ត​តាម​វិ​ន័​យ​សាសនា​ ដោយ​ចាប់​ផ្សឹក​​តែម្តង ។

​ហេតុការណ៍នេះ កើតឡើង​​​កាលពី​ម៉ោង​០៩​ និង​៣០​នាទី​យប់ថ្ងៃ​ទី​១២ ​កុម្ភ​: ​ស្ថិត​នៅ​ក្នុង​វត្ត​ទួល​គ្រួ​ស​ ក្នុង​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ផុង ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ។ ពាក់​ព័​ន្ធ​ករណី​នេះដែរ ត្រូវបាន​​មន្ត្រី​ការិយាល័យ​ធម្មការ​ស្រុក​បាន​​ឱ្យ​ដឹង​​ថា មាន​កូន​នេន​ចំនួន​៤​អង្គបាន​លួច​ឆាន់​គ្រឿង​ស្រវឹង​​១៤​កំប៉ុង​​នៅ​ក្នុង​កុ​ដ្ឋិ ក្នុង​វត្ត​ទួល​គ្រួ​ស​តែ​ម្តង​ ។

កូននេន​ទាំងនោះ​​​ ១-​ឈ្មោះ ម៉េ​ង កា​ណៃ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​គោក​កណ្តាល ឃុំ​ភក្តី ស្រុក​ប​សេដ្ឋ ២-ឈ្មោះ សាយ ថង អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ផុង ស្រុក​ប​សេដ្ឋ ៣-ឈ្មោះឡុ​ង ឆ​វ័ន អាយុ​១៦​ឆ្នាំ នៅ​ភូមិ​គោក​កណ្ដាល ឃុំ​ភក្ដី ស្រុក​ប​សេដ្ឋ និង​​៤-ឈ្មោះ រុន រ៉ា​ណា អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​គោក​កណ្តាល ឃុំ​ភក្តី ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ​ទាំង៤​អង្គ​(​នាក់​) ​ស្នាក់​នៅ​ក្នុង​វត្ត​ទួល​គ្រួ​ស ។

នេះ​ជា​លើក​ទី​១​ហើយ ​នៅ​ក្នុងស្រុក​ប​សេដ្ឋ​ ដែល​កើត​ករណី​កូននេន​លួច​ផឹកស្រា​​បែប​នេះ ​ ហើយ​ក៏​ជា​មេ​រៀន​មួយ​ សម្រាប់​ដាស់តឿន​​ផងដែរ ​កុំ​យកតម្រាប់​តាម​អោយ​សោះ​ ​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]