ឥណ្ឌា៖ សត្វស្វាមួយក្បាល បានចាប់ពង្រត់ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ចេញពីផ្ទះមួយក្នុងភូមិ ក្នុងប្រទេសឥណ្ឌា នាំយកមកអង្គុយលេងជាមួយនឹងវា និងថែមទាំងឱបក្មេងប្រុសនោះជាប់មិនឲ្យទៅណា នៅពេលដែលមានមនុស្សចូលទៅបំបែកពួកគេចេញពីគ្នា។

ស្វាចាប់ពង្រត់ក្មេងប្រុស២ឆ្នាំយកមកលេងជាមួយ

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបដែលត្រូវបានគេថត និងបង្ហោះចែកចាយទទួលបានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម គឺបានបង្ហាញពីសកម្មភាពរបស់សត្វស្វាមួយក្បាល និងក្មេងប្រុសតូចម្នាក់ កំពុងតែអង្គុយប្រលែងលេងជាមួយគ្នានៅលើដីក្បែរផ្លូវដើរ។ សត្វស្វាបានយកដៃវែកៗសក់ក្មេងប្រុសនោះ ហាក់រកចៃឲ្យគេ។ បន្ទាប់បមក ក៏មានស្រ្តីម្នាក់បានដើរចូលទៅ បំណងលើកក្មេងប្រុសតូចនោះចេញពីស្វា ប៉ុន្តែត្រូវស្វាឱបក្មេងនោះជាប់ មិនឲ្យចេញទៅណាពីវានោះឡើយ។

ស្រ្តីខាងលើ រួមនិងអ្នកឃើញហេតុការណ៍នេះ ជឿជាក់ថា ក្មេងប្រុសតូចមិនស្គាល់អត្តសញ្ញាណ អាយុប្រមាណ ២ឆ្នាំនេះ ត្រូវបានសត្វស្វានាំចេញពីផ្ទះអ្នកស្រុកក្បែរនោះ ក្នុងរដ្ឋ Haryana ។

នៅក្នុងវីដេអូឃ្លីប គេក៏អាចឮសំឡេងស្រ្តីនោះនិយាយទៅកាន់ស្វាថា «តើឯងចាប់ក្មេងនេះមកពីណា? មោះ! ឲ្យយើងយកក្មេងនេះទៅផ្ទះរបស់គេវិញ» ។ តែផ្ទុយទៅវិញ ស្វានៅតែមិនព្រមលែង ហើយឱបក្មេងនោះជាប់ដដែល បើទោះបីជាស្រ្តីខាងលើនេះ ព្យាយាមចង់លើកក្មេងប្រុសតូចនោះចេញពីវាក៏ដោយ។

ស្វាចាប់ពង្រត់ក្មេងប្រុស២ឆ្នាំយកមកលេងជាមួយ

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះ ប្រភពពុំបានទម្លាយឲ្យដឹងទេថា នឹងមានរឿងអ្វីជាបន្ត ថាតើក្មេងប្រុសនោះ ត្រូវបានឪពុកម្តាយមកទទួលយកវិញ ឬយ៉ាងណានោះទេ។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលមានករណីសត្វស្វាចាប់ពង្រត់ក្មេងតូចៗបែបនេះក្នុងប្រទេសឥណ្ឌា។ ព្រោះជាក់ស្តែង កាលពីឆ្នាំកន្លងទៅ ក៏ធ្លាប់មានករណីសត្វស្វាចាប់ពង្រត់កូនង៉ែត យកទៅទម្លាក់ក្នុងទឹកអណ្ដូង រហូតស្លាប់បាត់បង់ជីវិត និងសកម្មភាពអុកឡុកក្នុងភូមិរស់នៅរបស់អ្នកស្រុកផងដែរ។

ដូច្នេះយល់ល្អគួរនៅឲ្យឆ្ងាយពីសត្វកំហូច និងរប៉ិលរប៉ូចដៃរហ័សនេះ ពិសេសសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តថតរូបជាមួយនឹងពួកវា ក៏គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ប្រយ័ត្នទាំងខ្លួននិងរបស់របរ ចៀសវាងស្វាកំហូចកញ្ឆក់ស៊ីដាច់ទូរស័ព្ទទៅបាត់ដោយមិនដឹងខ្លួន៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖    

ស្វាចាប់ពង្រត់ក្មេងប្រុស២ឆ្នាំយកមកលេងជាមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]