រាជធានី​ភ្នំពេញ ៖ កុមា​រា​អាយុ​ជាង​១​ឆ្នាំ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្រែក​ទ្រហោយំ​វៀរ​ចេញ​មក​ពី​ក្នុង​គំនរ​សំរាម​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​គួរ​ឲ្យ​សង្វេគ សង្ស័យ​ត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះបង់​ចោល។

ហេតុ​ការណ៍​ដ៏​កំសត់​មួយ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ក្បែរ​គល់​ស្ពាន​អាកាស​៥​មក​រា​ផ្នែក​ខាងកើត ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ដែល​ជា​អ្នក​ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឮ​សម្លេង​កុមា​រា​ម្នាក់​ស្រែកយំ​ចេញ​មក​ពី​ក្នុង​គំនរ​សំរាម​នៅ​ក្នុង​ព្រៃ​ស្មៅ​ខាងលើ។

បន្ទាប់​មក​គាត់​មានការ​ងឿងឆ្ងល់ ក៏​ស្រែក​ប្រាប់​អ្នក​ជិតខាង រួច​ក៏​នាំ​គ្នា​ដើរ​តាម​រក​មើល ស្រាប់តែ​ឃើញ​កុមា​រា​នោះ​កំពុង​វៀរ​ចេញ​មក​ពី​ក្នុង​គំនរ​សំរាម​បណ្តើរ ស្រែក​ទ្រហោយំ​បណ្តើរ រួម​ទាំង​មាន​របួស​រលាត់​ចិញ្ចើម​ចេញ​ឈាម​យ៉ាង​អាណោចអាធ័ម មិនឃើញ​មាន​ឪពុក​ម្តាយ ឬ​នរណា​ម្នាក់​នៅ​ក្បែរ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​គាត់ រួម​ទាំង​អ្នក​ជិតខាង​ផ្សេង​ទៀត​ក៏​បាន​នាំ​យក​កុមា​រា​ទៅ​ផ្ទះ​របស់​គាត់​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ ដើម្បី​រក​ទឹកដោះគោ​យក​មក​ឲ្យ​ប៉ៅ រួច​ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ និង​ជួយ​ស្វែងរក​ឪពុក​ម្តាយ​របស់​កុមា​រា​ខាងលើ​នេះ។

ខណៈ​ពេល​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​អស់​រយៈពេល​ជាង​៣​ម៉ោង​ក្រោយមក​មិន​ឃើញ​មាន​ឪពុក​ម្ដាយ ឬ​សាច់ញាតិ​ណា​ម្នាក់​មក​តាម​រក​ក្មេង​ប្រុស​នោះ​ទេ សមត្ថកិច្ច​ក៏​សម្រេច​នាំ​កុមា​រា​នោះ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ដើម្បី​ទាក់ទង​ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​ឲ្យ​មក​ទទួលយក​ទៅ​មើលថែ​ទាំ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]