អង់គ្លេស៖ អតីតអ្នកចាំទី Gordon Banks ដែលធ្លាប់ជួយអង់គ្លេសឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំ ១៩៦៦ បានទទួលមរណភាពហើយក្នុងវ័យ ៨១ឆ្នាំ។

លោក Gordon Banks ស្លាប់កាលពីយប់ថ្ងៃចន្ទ  ហើយមុនពេលលោកស្លាប់  សមាជិកក្រុមគ្រួសាររួមទាំងចៅៗ បាននៅក្បែរលោកមុននឹងបិទភ្នែកលាចាកលោកនេះទៅ។

លោក Gordon Banks

លោក Gordon Banks ធ្លាប់ជាកីឡាករជម្រើសជាតិអង់គ្លេស កាលពីអំឡុងឆ្នាំ ១៩៦០ ដោយបានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសសរុប ៧៣ដង ថែមទាំងជួយឱ្យអង់គ្លេសឈ្នះពានរង្វាន់ពិភពលោកនាឆ្នាំ ១៩៦៦ ទៀតផង ដោយយកឈ្នះលើអាល្លឺម៉ង់ខាងលិចដោយលទ្ធផល ៤-២។

ដោយឡែកអាជីពជាមួយក្លិបវិញ លោកធ្លាប់លេងឱ្យក្រុម Leicester City ចាប់ពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៦៧ សរុបចំនួន ២៩៣ប្រកួត និងនៅក្លិប Stoke City ចាប់ពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ ១៩៧៣ ដោយបង្ហាញខ្លួនបាន ១៩៤ ប្រកួត ហើយត្រូវបានក្លិបផ្សេងៗខ្ចីជើងជាបន្តបន្ទាប់ មុននឹងសម្រេចចូលនិវត្តន៍នៅឆ្នាំ ១៩៧៧។

ព័ត៌មានផ្លូវការមួយពីក្រុមគ្រួសារសព បានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្លិប Stoke City ថា៖ “នេះជាដំណឹងដែលគួរឱ្យសោកស្តាយបំផុត អំពីមរណភាពរបស់លោក Gordon Banks កាលពីយប់ថ្ងៃចន្ទកន្លងទៅ។ ពួកយើងមានទុក្ខ និងសោកស្តាយជាខ្លាំងចំពោះការបាត់បង់គាត់ ប៉ុន្តែពួកយើងរីករាយ និងមានមោទនភាពខ្លាំងបំផុតចំពោះរឿងរ៉ាវល្អៗកន្លងមករបស់គាត់”។

លោក Gordon Banks
លោក Gordon Banks

ដោយឡែកក្លិប Leicester City ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ។ ក្លិបកញ្ជ្រោងខៀវបានសរសេរសារនៅលើ Twitter របស់ខ្លួនថា៖ "ក្លិប Leicester City ពិតជាមានការសោកស្តាយជាខ្លាំង ចំពោះដំណឹងមរណភាពរបស់អតីតអ្នកចាំទីរបស់យើងគឺលោក Gordon Banks ដែលបានទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ"។ 

ក្រុមការងារកីឡា “ខ្មែរឡូត” សូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារលោក Gordon Banks៕

លោក Gordon Banks (អាវលឿង)
លោក Gordon Banks​ និងលោក Pele

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]