ចក្រភពអង់គ្លេស៖ សេដ្ឋីអាថ៌កំបាំងម្នាក់បានស្នើឱ្យក្រុមហ៊ុនមួយជួយដើររកទិញភ្នំសម្រាប់ឆ្លាក់មុខក្រុមគ្រួសាររបស់លោក បង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

យោងតាមគេហទំព័របរទេស HushHush បានចុះផ្សាយឱ្យដឹងថា កាលពីពេលថ្មីៗនេះមានសេដ្ឋីអាថ៌កំបាំងម្នាក់ស្នើឱ្យពួកគេជួយស្វែងរកភ្នំ ឬច្រាំងថ្មចោតមួយកន្លែងនៅចក្រភពអង់គ្លេស ដើម្បីអាចឆ្លាក់មុខក្រុមគ្រួសាររបស់លោក ដូចទៅនឹងភ្នំ Mount Rushmore (នៅសហរដ្ឋអាមេរិក) អីចឹងដែរ។  ទំហំនៃភ្នំត្រូវមានទំហំធំល្មមអាចឆ្លាក់មុខរបស់លោក, ប្រពន្ធ, កូនប្រុស-ស្រី ៣នាក់ និងឆ្កែមួយក្បាលដែរ។ សេដ្ឋីអាថ៌កំបាំងរូបនេះហ៊ានឱ្យថ្លៃទិញភ្នំរហូតដល់ទៅ ១៥.៥ លានដុល្លារ។

លោក Aaron Harpin  ស្ថាបនិក និងជានាយកប្រតិបត្តិនៃគេហទំព័រ HushHush  បានប្រាប់អ្នកសារព័ត៌មានថា អតិថិជនអាថ៌កំបាំងម្នាក់នេះជាភ្ញៀវប្រចាំហាងរបស់លោក ហើយតែងតែទិញរបស់របរចម្លែកៗ និងប្លែកៗជាច្រើន ហើយនេះជាលើកទីមួយហើយដែលលំបាកសម្រាប់លោក។  ដូច្នេះលោកស្នើឱ្យមហាជនណាដែលស្គាល់ ឬដឹងព័ត៌មានពាក់ព័ន្ធអំពីភ្នំណាដែលទំនេរនៅចក្រភពអង់គ្លេសជួយទាក់ទងមកលោកផង៕

ភ្នំ Mount Rushmore
សារមហាសេដ្ឋីអាថ៌កំបាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]