រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ខណ្ឌទួលគោក​ចូល​និវត្តន៍​ម្នាក់ ហើយ​ក៏​ជា​ជន​ពិការ​ដោយ ជំងឺ​ផង​នោះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ដើម្បី​ដាក់​ពាក្យ​ប្តឹង​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ខាងលើ ជួយ​រក​យុត្តិធម៌​ជូន​គាត់​ផង​។ បុរស​នេះ​បាន​ប្ដឹង​កូនស្រី​ទី​៣​របស់​គាត់​ម្នាក់ និង​ប្ដី​របស់​នាង ដោយ​គាត់​បាន​ចោទប្រកាន់​ថា កូនស្រី​រូប​នេះ​រួម​ជាមួយ​ប្ដី​នាង​បាន​ជំពាក់​លុយ​គាត់​ជាង​៥​ម៉ឺន​ដុល្លារ ហើយ​គាត់​បាន​ទារ​ជា​ច្រើន​ដង​មក​ហើយ​។

ប៉ុន្តែ​ពួក​គេ​មិន​ត្រឹមតែ​មិន​ព្រម​សង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជេរ​ប្រមាថ និង​គម្រាម​ហៅ​នគរបាល​វាយ​ខ្នោះ​គាត់​ថែម​ទៀត​ផង​។ បុរស​ខាងលើ​នោះ បាន​និយាយ​ប្រាប់​មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​៣​ថា គាត់​មានឈ្មោះ ហ៊ុយ ប៉ា​ង អាយុ​៧៥​ឆ្នាំ អតីត​ជា​មន្ត្រី​នគរបាល​ខណ្ឌទួលគោក តែ​ចូល​និវត្តន៍ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ គាត់​មាន​ប្រពន្ធ ឈ្មោះ ស៊ិ​ន ស​ផល អាយុ​៦៣​ឆ្នាំ កំពុង​រស់នៅ​ឯ​សហរដ្ឋអាមេរិក ហើយ​គាត់​មានកូន​ស្រី​ចំនួន​៥​នាក់ សព្វថ្ងៃ​គាត់​រស់នៅ​ក្រោម​ដំបូលផ្ទះ តែ​មួយ​ជាមួយ​កូនស្រី​ទី​៤​។ ពេល​នេះ​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​កូនស្រី​៣ និង​ប្ដី​របស់​នាង​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ជួយ​រក​យុត្តិធម៌​ជូន​រូប​គាត់​ផង​។

បុរស​នេះ​បាន​និយាយ​ថា កូនស្រី​ដែល​គាត់​ត្រូវ​ប្ដឹង​នា​ពេល​នេះ ឈ្មោះ ហ៊ុយ ខេមរា អាយុ​៣០​ឆ្នាំ មាន​ប្តី​ឈ្មោះ ឃុន ចំរើន អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ កូនស្រី​ម្នាក់​នេះ​បាន​ខ្ចី​ផ្ទះ​គាត់ មួយ​ល្វែង​ស្នាក់​នៅ លុះ​ក្រោយមក​បាន​យក​ទៅ​លក់​ក្នុង​តម្លៃ​៥៥,០០០​ដុល្លារ យក​លុយ​នេះ​ប្រើ​ការ​រកស៊ី ហើយ​បាន​ប្រាប់​គាត់​ថា​ពួក​គេ​នឹង​សង​គាត់​វិញ​។ លុះ​ក្រោយ​ៗ​មក​ទៀត​ពួក​គេ​បាន​សង​គាត់​មែន ប៉ុ​ន្ត​មិន​បាន​សង​ទាំងអស់​ឡើយ គឺ​សង​ម្ដង​បន្តិច​ៗ​ជា​បន្តបន្ទាប់ ប៉ុណ្ណោះ ប៉ុន្តែ​ទើបតែ​សង​បាន ចំនួន​៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ នៅ​សល់​ចំនួន​៥២,០០០​ដុល្លារ​ទៀត​ដែល​ត្រូវ​សង​បន្ត​។

បុរស​ជា​ឪពុក​រូប​នេះ​បាន​និយាយ​ទៀត​ថា ប៉ុន្តែ​កូនស្រី​រូប​នេះ​មិន​ព្រម​សង​ឡើយ ចំណែក​រូប​គាត់​បាន​ធ្លាក់ខ្លួន​មាន​ជំងឺ​រហូត​ដល់​ពិការ និង ត្រូវការ​លុយ​សម្រាប់​ចាយវាយ​ក្នុង​ការ​ហូប​ចុក ប្រចាំ​ថ្ងៃ ជា​ពិសេស​ព្យាបាល​ជំងឺ ពេល​ទៅ​ទារ​លុយ​ស្រាប់តែ​ជា​កូនស្រី​មិន​ត្រឹមតែ​មិន​ឲ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជេរ​ប្រមាថ​រូប​គាត់​ជា​បន្តបន្ទាប់​ហាក់ដូចជា​មិនមែន​ឪពុក និង​កូន​អ៊ីចឹង​។ ដោយសារ​តែ​បែប​នេះ​ទើប​គាត់​មិន​ហ៊ាន​ទៅ​ទារ​ទៀត​ទេ​ហើយ​ស៊ូទ្រាំ​លំបាក​មួយ​រយៈពេល ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ៣​ថ្ងៃមុន​នេះ ដោយ​អត់​លុយ​សម្រាប់​ព្យាបាល​ជំងឺ​មិនដឹង​ថា ត្រូវ​ទៅ​រក​នៅ​ទីណា​បាន ទើប​គាត់​សម្រេចចិត្ត​ទៅ​រក​ទារ​លុយ​ពី​កូនស្រី​ម្នាក់​នេះ​ម្តងទៀត។

ខណៈនោះ​ពួក​គេ​នៅ​តែ​មិន​ព្រម​សង​ដដែល មិនតែប៉ុណ្ណោះ កូនស្រី និង​ប្ដី​បាន​ជេរ​ប្រមាថ និង​បម្រុង​វាយ​មក​លើ​គាត់ ព្រមទាំង​គំរាម​គាត់​ថា បើ​នៅ​តៅ​មក​ទារ​លុយ​ទៀត​ពួក​គេ​នឹង​ប្តឹង​ឲ្យ នគរបាល​ចាប់ខ្លួន​គាត់​ហើយ​។ ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​រង​នូវ​ការ​ជេរ​ប្រមាថ គំរាម​អាយុជីវិត​ពី​សំណាក់​កូនស្រី និង​កូនប្រសារ​ជា​បន្តបន្ទាប់​បែប​នេះ​គាត់​ពិតជា​ពិបាកចិត្ត​ខ្លាំង​ណាស់ ហើយ​មិន​អាច​ទ្រាំ​នូវ​ទ​ង្វើ​នេះ​បាន​ឡើយ​។ ទើប​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រក​យុ​ត្ត​ធម៌​ជូន​រូប​គាត់​ផង​។

ទាក់ទិន​ទៅ​នឹង​រឿងរ៉ាវ ខាងលើ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣​បាន​ទទួល​ពាក្យបណ្ដឹង​បុរស​នោះ​ហើយ ដើម្បី​កោះហៅ​កូនស្រី និង​កូនប្រសារ​គាត់​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា ពួក​គេ​ព្រមទៅ​កាន់​សាលាសង្កាត់ តាម​ការ​កោះហៅ​ឬ​អត់​នោះ​ទេ​។ ម្យ៉ាងទៀត​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​ពី​កូនស្រី និង​កូនប្រសារ​គាត់​បាន​ឡើយ រឿងរ៉ាវ​ខាងលើ​គឺជា​ការ​រៀបរាប់​របស់​មន្ត្រី​នគរបាល​ចូល​និវត្តន៍​រូប​នោះ តែ​ម្ខាង​ប៉ុណ្ណោះ​៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]