ខេត្តសៀមរាប ៖ ចោរឆក់​កាបូប ប៉ះ​ចំ​នារី​ជើង​ខ្លាំង ជិះ​ម៉ូតូ​ដេញ​តាម​បុក​ឱ្យ​ដួល​ទាំង​២​នាក់ រួច ចាប់​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍ សង្កាត់​ជ្រាវ ទាំង​យប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​ពេញ​ផ្លូវ​ជា​ស៊ី​ម ក្នុង​ក្រុង​សៀមរាប​។

ហេតុការណ៍​នារីក្លាហាន​ដេញ​ចាប់ចោរ​ប្រគល់​ឱ្យ​នគរបាល នោះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ជា ស៊ី​ម ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​បាន​ប្រាប់ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០៩​នេះ​ថា មុន​ពេល​កើតហេតុ ពលរដ្ឋ​បាន​រាយការណ៍​មក នគរបាល ប៉ុស្តិ៍​សង្កាត់​ជ្រាវ​ថា មាន​ករណី​ចោរឆក​ក់​កាបូប​នារី​រង​គ្រោះ​ម្នាក់ ហើយ​ជិះ​សំដៅ​ទៅ​ទិស​ខាងកើត ខណៈ​ពេល​នោះ នគរបាល​ប៉ុស្តិ៍​ក៏​បាន​សហ​ការណ៍​ជាមួយ​ប្រជា​ការពារ​ភូមិ​ចាំ​ស្ទាក់​ចាប់ ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ (​ចិត្ត​ក្លាហាន​) ជិះ​ដេញ​តាម​រហូត រួច​បុក​ឱ្យ​ដួល​ទាំង​២​នាក់ ទើប​ចាប់​បាន​ជនសង្ស័យ ភ្លាម​ៗ​ផង​ដែរ​។ តែ​ជន​រង​គ្រោះ​ក៏​ត្រូវ​របួស​បន្តិចបន្តួច​ដែរ ហើយ​នាំ​យក​មក​សួរ​នៅ​ប៉ុស្តិ៍​សង្កាត់​ជ្រាវ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ សួរនាំ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ប្រភព​បាន​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ ម៉​ង់ ម៉​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​រត់​ម៉ូតូឌុប នៅ​ពេល​យប់ រស់នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោក​ចក ក្រុង​,​ខេត្តសៀមរាប​។ ហើយ​ជនសង្ស័យ បាន​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​១​គ្រឿង ស៊េរី​២០១១ ពាក់​ស្លាក​លេខ​បាត់ដំបង 2K-6268 ដើម្បី​ធ្វើ​សកម្មភាព ឆក់ ប៉ុន្តែ​មិន​បាន​សម្រេច ត្រូវ​ជន​រង​គ្រោះ​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ រិ​ន ម៉ា​នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​។ ក្រោយ​ពី​ឆក់​កាបូប​របស់​នារី​រង​គ្រោះ បាន​សម្រេច​ហើយ​ជនសង្ស័យ ជិះ​ម៉ូតូ​សំដៅ​មក​ទិស​ខាងកើត​បាន​ប្រហែល​៥០០​ម៉ែត្រ ដល់​ចំណុច​ហ្គា​រ៉ា​ស់​សាំង តេ​លា ខ្នារ ក៏​ត្រូវ​បាន​នារី​រង​គ្រោះ​ចិត្ត​ក្លាហាន ជិះ​ម៉ូតូ​បុក​ម៉ូតូ របស់​ជនសង្ស័យ​បណ្តាល​ឱ្យ​ដួល​ទាំង​២​នាក់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ​ខ្នារ ឃាត់​បាន​ហើយ​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជ្រាវ ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ បញ្ជូន​ទៅ​ដាក់គុក​ហើយ​។ រីឯ​នារី​ចិត្ត​ក្លាហាន ដែល​ត្រូវ​របួស​បន្តិចបន្តួច​នោះ ចូល​ព្យាបាល​ក្នុង​មណ្ឌល​សុខភាព​ជ្រាវ ហើយ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​យក​កាបូប ទៅ​ប្រគល់​ជូន​គាត់ និង​ចេញ​ទៅ​ផ្ទះ​ទាំង​យប់​វិញ​ផង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]