រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ iPhone X ពី​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​សម្រេច រួច​ជនសង្ស័យទាំង​២នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​គេចខ្លួនបាត់​ តែ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិ​ច្ចព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​ជាមួយ​ជន​រង​គ្រោះ​ឆែក​តាម​ប្រព័ន្ធ GPS ដេញចាប់​ដល់​បន្ទប់​ជួល​របស់​ជន​ស្ស័​យ ហើយ​ចាប់​ឃាត់​បាន​ម្នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ជិត​នឹង​ផ្សារ​បន្លែ ក្នុង​ភូម​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ។

ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឈ្មោះ ស៊ុន សុ​ភ័​ក្ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ និង​ជនសង្ស័យ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១AP-៧៩៦០​។ ចំណែក​ទូរស័ព្ទ​ដែល​បាត់​ម៉ាក iPhone X ពណ៌​ខ្មៅ ជា​របស់​បុរស​ជនជាតិ​ចិន​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុរស​ជនជាតិ​ចិន​មួយ​ក្រុម​បាន​រត់​មក​ប្រាប់​សមត្ថកិច្ច​នៅ​ម្តុំ​រោងកុន​គី​រី​រម្យ​ថា មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក i​Phone X មួយ​គ្រឿង​ពីជនរងគ្រោះ​បាន​សម្រេច ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​មាន​ប្រព័ន្ធ GPS ក៏​ឆែក​ឃើញ​លោត​សញ្ញា​ប្រាប់​គោលដៅ​របស់​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ទើប​កម្លាំង​សមត្ថកិច្ច​បាន​បាន​សហការ​គ្នា​ជាមួយ​ជន​រង​គ្រោះ​ចុះ​មក​ដល់​ភ្លាម​ៗ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ក្នុង​ពេល​នោះ​ក៏​មានការ​ប្រវាយប្រតប់​គ្នា​រវាង​ជនសង្ស័យ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ឆ្លៀតពេល​នោះ​សង្ស័យ​ម្នាក់​ទៀត​បាន​យក​ទូរស័ព្ទ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់ រួម និង​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​យក​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នី​តិ​វិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]