ភ្នំពេញ៖ សន្និសីទ CamTESOL ប្រចាំឆ្នាំ លើកទី ១៥ នឹងត្រូវធ្វើទ្បើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ កុម្ភៈ ឆ្នាំ២០១៩ ក្រោមប្រធានបទ «គ្រូបង្រៀនជាអ្នកសិក្សា»។ សន្និសីទដ៏ធំនេះ ត្រៀមទទួលស្វាគមន៍អ្នកចូលរួមប្រមាណ ១៧០០ នាក់ មកពីជាង ៣០ ប្រទេសជុំវិញពិភពលោក ដែលភាគច្រើនជាគ្រូបង្រៀនភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀន សាកលវិទ្យាល័យដែលបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស និងអ្នកអប់រំភាសាអង់គ្លេសកម្រិតអន្តរជាតិ។

ការចុះឈ្មោះចូលរួមសន្និសីទ CamTESOL លើកទី ១៤

សន្និសីទ CamTESOL គឺជាវេទិកាអភិវឌ្ឍ និងការបង្កើតបណ្តាញវិជ្ជាជីវៈក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ CamTESOL ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយស្ថាប័នអប់រំ អាយ ឌី ភី ដែលជាស្ថាប័នឈានមុខលើពិភពលោក ក្នុងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេស និងសេវាកម្មអប់រំអន្តរជាតិ។

សន្និសីទដ៏ធំនេះនឹងរួមបញ្ចូលនូវការធ្វើបទបង្ហាញចំនួនជាង ៤០០ ដោយអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ដែលមានប្រធានបទ ២៩ ផ្សេងៗគ្នា។

ការធ្វើបទបង្ហាញក្នុងសន្និសីទ CaMTESOL លើកទី១៤

ការបើកសន្និសីទជាផ្លូវការ នឹងធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី ១៥ ខែ កុម្ភៈ ក្រោមគណៈអធិបតីភាពពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា លោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស អាយ ឌី ភី និង អេ ស៊ី អ៊ី ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន
លោក ម៉ៅ ស្រេង នាយកប្រចាំ អាយ ឌី ភី

វាគ្មិនក្នុងកិច្ចពិភាក្សាពេញអង្គរួមមានលោក Anne Burns ជាសាស្រ្តាចារ្យផ្នែកបង្រៀនភាសានៅសាកលវិទ្យាល័យ New South Wales ប្រទេសអូស្រ្តាលី លោក Joe McVeigh ទីប្រឹក្សាអប់រំនិងជាគ្រូបណ្ដុះបណ្ដាលនៅ Middlebury Vermont សហរដ្ឋអាមេរិក និងវាគ្មិនជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]