រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ជា​បន្តបន្ទាប់​២​ថ្ងៃ​ជាប់​គ្នា​តែ​មិន​បាន សម្រេច ត្រូវ​បាន​ប្រជាពលរដ្ឋ​រួម​នឹង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ​ឃាត់​ទាន់​។ ការ​ព្យាយាម សម្លាប់​ខ្លួន នេះ​ត្រូវ​នារី​រូប​នោះ​ឲ្យ​ដឹង​ថា ដោយសារ​តែ ខឹង​ម្តាយមីង​ស្តីបន្ទោស​រឿង ដើរ​លេង​ដាច់​យប់​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

នារី​មាន​វិបត្តិ​រូប​នោះ​ឈ្មោះ ស្រី​ម៉ៅ អាយុ ១៧​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​ជាមួយ​ម្តាយមីង​នៅ​មុខ​ហាង​កាដូ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ មានស្រុក​កំណើត​នៅ​ភូមិ​ត្នោត ឃុំ​បន្ទាយមាស ស្រុក​ទូក​មាស ខេត្តកំពត​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រូប​នោះ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ស្ពាន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ នៅ​ពេល​ដល់​កណ្តាល​ស្ពាន​នាង​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោតទឹក​សម្លាប់​ខ្លួន​ហើយ​ត្រូវ​ប្រជាពលរដ្ឋ និង​សណ្តាប់ធ្នាប់​នាំ​គ្នា​ឃាត់​ប​ញ្ជួ​ន​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​ជ្រោយចង្វារ​។

ទាក់ទិន​ការ​ធ្វើ​អត្តឃាត នាង ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ខឹង​ម្តាយមីង​ស្តីបន្ទោស​រឿង​ដើរ​លេង​ដាច់​យប់​។ តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នាង​មក​លោត​ម្តង​ហើយ​តែ​មិន​បាន​សម្រេច​។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ នាង​មក​លោតទឹក​សម្លាប់​ខ្លួន​ទៀត​នៅ​តែ​មិន​បាន​សម្រេច​។ បន្ទាប់​ពី​ឃាត់​សាកសួរ​នគរបាល​ក៏​បាន​ទាកទង​ម្តាយមីង​នាំ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]il.com