WARNING: GRAPHIC IMAGES

អាហ្រ្វិកខាងត្បូង៖ អាចចាត់ទុកបានថា ជារឿងដ៏គួរឲ្យត្រេកអរបំផុត ចំពោះសត្វឆ្កែដ៏ក្លាហានមួយក្បាលដែលអាចរួចផុតជីវិត ក្រោយត្រូវចោរប្លន់ចាក់មួយកាំបិតធ្លុះជាប់ក្បាល ដោយសារតែការពារម្ចាស់របស់វា។

Duke

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុកាលពីពេលកន្លងទៅនោះ លោក Gino Wensel មានអាយុ ៤០ឆ្នាំ គឺបាននឹងកំពុងតែបង្ហាត់ឆ្កែដ៏គួរឲ្យស្រលាញ់របស់លោក (ឆ្កែចិញ្ចឹមពូជ German Shepherd) ឈ្មោះថា Duke នៅតាមផ្លូវក្នុងទីក្រុង Cape Town ។ ហើយនៅគ្រានោះ ក៏ស្រាប់តែមានបុរសម្នាក់ សង្ស័យថាជាចោរប្លន់ បានដើរសំដៅមករកលោក ដោយមានកាន់កាំបិតមួយនៅនឹងដៃ។

មិនខុសគ្នាប៉ុន្មានទៅនឹងសត្វឆ្កែដទៃ នៅពេលដែលឃើញមនុស្សចម្លែកមុខចូលមកបែបនេះ ឆ្កែរបស់លោក Wensel គឺ Duke ក៏បានគ្រហឹមញេញធ្មេញដាក់បុរសជនសង្ស័យជាចោរប្លន់ បំណងចង់ស្ទុះខាំ និងការពារម្ចាស់របស់វា។ ប៉ុន្តែផ្ទុយទៅវិញ ដើម្បីការពារខ្លួននិងខ្លាច Duke ហក់ខាំបានមុន ចោរប្រុសនោះក៏បានស្ទុះចាក់ Duke ផុងកាំបិតជាប់លលាដ៏ក្បាល មុនពេលដាក់មេប្រូចទៅបាត់។

ថតកាំរស្មីមើល

ប្រភពដដែលបន្តថា Duke បានដួលដេកនឹងដី និងមានហូរឈាមជាច្រើនចេញពីក្បាលរបស់វា ខណៈដែលលោក Wensel ក៏មានអារម្មណ៍ថាស្លុតចិត្ត ពេលឃើញឆ្កែរបស់លោកស្ថិតក្នុងសភាពបែបនេះផងដែរ។

ដំបូងឡើយ លោក Wensel គិតថា ឆ្កែដ៏ឆ្លាតនិងគួរឲ្យស្រលាញ់របស់លោក ងាប់បាត់ទៅហើយ ប៉ុន្តែនៅពេលដែលលោកពិនិត្យមើល ទើបដឹងថា Duke នៅមានដង្ហើម ទើបលោកក៏ប្រញាប់ប្រញាល់ ទាក់ទងហៅមិត្តភក្តិរបស់លោក ដើម្បីឲ្យជួយបើកឡាននាំយកទៅ Duke ទៅសង្គ្រោះនៅអង្គការសុខុមាលភាពសត្វអាហ្វ្រិកខាងត្បូង (ឬហៅកាត់ថា AWSSA) ។

ក្រោយបញ្ជូនទៅសង្គ្រោះ Duke ត្រូវបានក្រុមគ្រូពេទ្យសត្វជំនាញ បានធ្វើការថតមើលតាមរយៈកាំរស្មីអ៊ិច (X-ray) ។ ជាសំណាងល្អ ដែលការចាក់នោះគឺផុតពីតំបន់គ្រោះ ពោលគឺចូលបានត្រឹមជម្រៅ ៣សង់ទីម៉ែត្រ ក្បែរនឹងខួរក្បាល ឆែវទៅជិតតំបន់ភ្នែកខាងស្ដាំ។ ប៉ុន្តែទោះយ៉ាងណា វាក៏ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ប្រសិនណាបើយឺតយ៉ាវក្នុងការវះកាត់។ ជាលទ្ធផល ការជួយសង្គ្រោះអ្នកក្លាហាន Duke ក៏ទទួលបានជោគជ័យ។

លោក Gino Wensel និង Duke

លោក Wensel បាននិយាយផងដែរថា លោកពិតជាមិននឹកស្មានថាជួបប្រទះនូវរឿងយ៉ាងដូច្នេះសោះ ក្រុមពួកអន្ធពាលអស់នោះ គឺពិតជាអាក្រក់ហួសថ្លែង។ មិនថាគេចង់ប្លន់លោក ឬវាយលោក បែបម៉េចនោះគឺលោកមិនដឹង លោកដឹងត្រឹមថា Duke ជាឆ្កែដ៏ល្អបំផុតដែលតែងតែការពារលោក ហើយវាក៏ពុំអនុញ្ញាតឲ្យនរណាម្នាក់ធ្វើរឿងអ្វីមិនល្អដាក់លោកនោះដែរ។

តាមរយៈវីដេអូឃ្លីប ក៏បានបង្ហាញឲ្យឃើញ នៅពេលដែល Duke បានជាសះស្បើយពីរបួស និងបានជួបគ្នាវិញជាមួយនឹងម្ចាស់របស់វា (លោក Wensel) ទាំងពោរពេញដោយភាពរីករាយ ក្នុងសកម្មភាពនឹករលឹកយ៉ាងខ្លាំង ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

Duke
Duke
កាំបិតដែលចាក់ Duke
លោក Gino Wensel និង Duke
លោក Gino Wensel និង Duke

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]