អាមេរិក៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បាននិងកំពុងចាត់វិធានការយ៉ាងតឹងរឹងលើកម្មវិធីណាក៏ដោយដែលហ៊ានលួចទិន្នន័យ និងលួចថតសកម្មភាពអ្នកប្រើប្រាស់របស់ខ្លួនដោយគ្មានការអនុញ្ញាត។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានប្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីទាំងអស់ ឱ្យលុបកូដនៅរាល់កម្មវិធីណាដែលអាចលួចថតរូបភាពលើផ្ទាំងអេក្រង់ (Printscreen) ចេញជាបន្ទាន់ ដោយទុករយៈពេលឱ្យ ២៤ម៉ោងជាកំហិត។ បើពុំដូច្នោះទេនោះ Apple នឹងចាត់វិធានការយ៉ាងតឹងរឹងដោយលុបកម្មវិធីទាំងនោះចេញពី App Store តែម្តង។

សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានការស៊ើបអង្កេតរកឃើញថាក្រុមហ៊ុនធំៗមួយចំនួនបានសរសេរកូដបង្កប់ដើម្បីលួចថតសកម្មភាពរបស់អ្នកប្រើប្រាស់ ដោយគ្មានការឯកភាព ឬជូនដំណឹងដល់អ្នកប្រើប្រាស់។

របាយការណ៍ស៊ើបអង្កេតនេះរកឃើញថា ក្រុមហ៊ុនធំៗមួយចំនួនដូចជា Expedia, Hollister និង Hotels.com បានសរសេរកូដបង្កប់ដើម្បីតាមដាន និងលួចថតសកម្មភាពអ្នកប្រើប្រាស់នៅក្នុងកម្មវិធីរបស់ពួកគេ។

បន្ថែមពីនេះទៀត ពួកគេមិនបានសុំការអនុញ្ញាត ឬជូនដំណឹងដល់អ្នកប្រើប្រាស់នោះទេ ដែលសកម្មភាពបែបនេះខុសពីគោលការណ៍ភាពឯកជន (privacy policies) របស់ក្រុមហ៊ុន Apple។

ដូច្នេះក្រុមហ៊ុន Apple បានធ្វើការព្រមានដល់អ្នកអភិវឌ្ឍន៍កម្មវិធីរបស់ក្រុមហ៊ុនទាំងបីខាងលើ ក៏ដូចជាព្រមានដល់អ្នកអភិវឌ្ឍន៍កម្មវិធីដទៃទៀត ដែលបាន ឬហ៊ានលួចយកទិន្នន័យ និងសកម្មភាពរបស់អ្នកប្រើប្រាស់ដោយគ្មានការឯកភាព និងការជូនដំណឹងដល់អ្នកប្រើប្រាស់៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]