អេស្ប៉ាញ៖  លោក Santiago Solari ជឿជាក់ថាក្លិបអធិរាជស Real Madrid អាចរក្សាតំណែងជើងឯកជាម្ចាស់ពាន Champions League ជាលើកទី៤ ដោយពោលថា “គ្មានអ្វីដែលមិនអាចទៅរួចឡើយ” សម្រាប់ក្លិបយក្សនៅអឺរ៉ុបមួយនេះ។  Real Madrid បានក្លាយជាក្លិបលំដាប់កំពូលនៅ Champions League ក្រោយពីគ្រងតំណែងជាជើងឯកពានរង្វាន់លំដាប់កំពូលរបស់ទ្វីបអឺរ៉ុបមួយនេះ ៣រដូវកាលជាប់ៗគ្នា។

Real Madrid ជើងឯកពាន UCL 2018

បើទោះបីជា Real Madrid ហាក់បង្ហាញទម្រង់លេងមិនសូវល្អ អំឡុងពេលបើករដូវកាលយ៉ាងណាក្តី ក៏ប៉ុន្តែលោក Solari នៅតែជឿជាក់ថា Real Madrid នៅតែអាចក្លាយជាជើងឯកនៅរដូវកាល ២០១៨-១៩ នេះម្តងទៀត។ ឆ្លើយតបចំពោះសំណួរដែលសួរថា តើលោកគិតថាអ្វីទៅដែលជាឧបសគ្គធំបំផុតសម្រាប់ Real Madrid ក្នុងការលើកពាន CL នារដូវកាលនេះ? លោក Solari បានប្រាប់ថា៖ “គ្មានអ្វីដែលមិនអាចទៅរួចឡើយសម្រាប់ Real Madrid” 

លោក Santiago Solari

គួរបញ្ជាក់ថា Real Madrid នឹងត្រូវជួបប្រកួតជាមួយក្លិប Ajax នៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់កំពូលមួយនេះ។  ក្លិបការពារតំណែងជើងឯកនេះ នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងអាំស្ទែរដាំ ដើម្បីប្រកួតជើងទី១ នាថ្ងៃពុធ ក្នុងសប្តាហ៍នេះ។ 

មុនការប្រកួតមកដល់ លោក Solari បានឱ្យដឹងថា៖ “Ajax ជាក្រុមមួយដែលល្អ ជាពិសេសសំបូរកីឡាករវ័យក្មេងដែលមានទេពកោសល្យ និងទម្រង់លេងបែបប្រយុទ្ធដ៏ល្អមួយ។ ពិតប្រាកដណាស់ថា នេះជាការប្រកួតដ៏លំបាកមួយក្នុង Champions League ដូចទៅនឹងការប្រកួតផ្សេងទៀតផងដែរសម្រាប់ Real Madrid” ៕

ក្រុម Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]