ភ្នំពេញ៖ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៩ គោជល់ អ្នកឧបត្ថម្ភកម្មវិធីប្រដាល់ឈានមុខមួយនៅកម្ពុជា បានក្លាយជាភេសជ្ជៈប៉ូវកម្លាំងទីមួយ ដែលរៀបចំព្រឹត្តិការណ៍ប្រដាល់ជើងឯកគុនខ្មែរ នៅតាមបណ្តា/ក្រុងខេត្តនានា។ ការប្រកាសបើកកម្មវិធី «ដំណើរឆ្ពោះទៅតាមខេត្ត/ក្រុង» របស់អ្នកតស៊ូគុនខ្មែរ គោជល់ ត្រូវបានធ្វើឡើងនៅក្នុងពិធីសន្និសីទសារព័ត៌មាននាថ្ងៃនេះ។

លោក មាន សំអុល នាយកចាត់ការទូទៅភេសជ្ជៈប៉ូវកម្លាំង គោជល់ នៅកម្ពុជា មានប្រសាសន៍ថា៖

«តាមរយៈការឧបត្ថម្ភរបស់គោជល់ កម្មវិធីប្រដាល់គុនខ្មែរមិនត្រឹមតែរៀបចំនៅក្នុងស្ថានីយទូរទស្សន៍ប៉ុណ្ណោះទេ គោជល់ បានរៀបចំកម្មវិធីប្រដាល់នៅតាមបណ្ដាខេត្ត ដែលជាស្រុកកំណើតរបស់កីឡាករ និងទស្សនិកជនមួយចំនួនទៀត។ ដូច្នេះ ទស្សនិកជនអាចទស្សនាការប្រដាល់ និងគាំទ្រកីឡាករនៅក្នុងខេត្ត/ក្រុងរបស់ខ្លួនផ្ទាល់តែម្តង»។
គោជល់រៀបចំព្រឹត្តិការណ៍ប្រដាល់ជើងឯកគុនខ្មែរ

យោងតាមប្រសាសន៍លោក ហួរ រតនៈ ប្រធានផ្នែកទីផ្សារទូរទស្សន៍ ស៊ី អិន ស៊ី បានឲ្យដឹងថា គោជល់ គឺជាភេសជ្ជៈប៉ូវកម្លាំងដំបូងគេ ដែលនាំយកកម្មវិធីប្រដាល់របស់ទូរទស្សន៍ ស៊ី អិន ស៊ី ទៅកាន់ខេត្តនានា និងធ្វើការផ្សាយផ្ទាល់តាមប៉ុស្តិ៍ ស៊ី អិន ស៊ី។ នេះគឺជាឱកាសល្អមួយដើម្បីទស្សនា និងគាំទ្រដល់កីឡាករវ័យក្មេង ដែលកំពុងលេចធ្លោនៅតាមបណ្តាខេត្ត ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ស៊ី អិន ស៊ី និងគោជល់នឹងធ្វើការសិក្សាបន្ថែមលើលទ្ធភាពក្នុងការពង្រីកទៅតាមបណ្តាខេត្តផ្សេងៗទៀតនាពេលអនាគត។

កម្មវិធី «ដំណើរឆ្ពោះតាមទៅខេត្ត/ក្រុង» របស់គោជល់ នឹងទៅកាន់ខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ធំ និងកំពង់ចាម ដើម្បីប្រកួតជ្រើសរើសកីឡាករវ័យក្មេងលេចធ្លោ និងបន្តប្រកួតយកខ្សែក្រវាត់នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នៅតាមខេត្តនីមួយៗ ក៏មានការចូលប្រកួតពីកីឡាករជើងខ្លាំងល្បីឈ្មោះជាច្រើនផងដែរ។

នេះគឺជាលើកដំបូងសម្រាប់បងប្អូន ដែលរស់នៅតាមបណ្តាខេត្តខាងលើក្នុងការទស្សនាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនៅនឹងខេត្តបងប្អូនផ្ទាល់តែម្តង។ ទស្សនិកជនអាចចូលរួមគាំទ្រកីឡាករប្រចាំខេត្ត និងទស្សនាការប្រកួតរបស់កីឡាករជើងខ្លាំងល្បីឈ្មោះផងដែរ។ នៅក្នុងកម្មវិធីប្រដាល់នេះ ក៏មានការប្រគំតន្ត្រីដែលចូលរួមដោយ តារាចម្រៀងល្បី ខេម ទៀតផង។ នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យតែមួយប្រចាំឆ្នាំ!
គោជល់ ផ្តួចផ្តើមកម្មវិធី «ដំណើរឆ្ពោះទៅខេត្តក្រុង» ក្រោមកិច្ចសហការជាមួយស្ថានីយទូរទស្សន៍ ស៊ី អិន ស៊ី និងសហព័ន្ធគុនខ្មែរ។ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ នៅខេត្តបាត់ដំបងនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ នៅខេត្តកំពង់ធំ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ និងនៅខេត្តកំពង់ចាម នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៩។ កម្មវិធីនេះផ្សាយផ្ទាល់តាមប៉ុស្តិ៍ ស៊ី អិនស៊ី ពីម៉ោង ៥៖៣០ នាទីដល់ម៉ោង ៨ យប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]