ចិន៖ ថ្មីៗនេះគ្រូពេទ្យជំនាញផ្នែកវះកាត់មួយក្រុមបានធ្វើការវះកាត់ដកឈើចាក់ធ្មេញ ចេញពីបេះដូងបុរសជនជាតិចិនម្នាក់ដោយជោគជ័យ បន្ទាប់ពីគាត់បានលេបវាចូលក្នុងពោះអំឡុងពេលផឹកស្រា។ 

បុរសដែលបានលេបឈើចាក់ធ្មេញខាងលើត្រូវបានគេស្គាល់ត្រឹមនាមត្រកូលថា Zhou បានទទួលការវះកាត់បេះដូង ដកយកឈើចាក់ធ្មេញចេញ កាលពីថ្ងៃទី ៩ ខែមករា ស្ថិតក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងណាណីង មានទីតាំងនៅប៉ែកខាងត្បូងនៃខេត្តក្វាងស៊ី។

លោក Zhou ក្រោយពេលវះកាត់រួច

គួររម្លឹកថា លោក Zhou មានអាយុ២៩ឆ្នាំ បានរងការឈឺចាប់ដោយសារ ឈើចាក់ធ្មេញមួយចង្កាក់នេះអស់រយៈពេល៤ឆ្នាំមកហើយ។ វាតែងតែធ្វើឲ្យគាត់ក្តៅខ្លួន និងឈឺសួតជាញឹកញាប់។ មិនតែប៉ុណ្ណោះ មុនការវះកាត់ លោក Zhou បានចំណាយទឹកប្រាក់ប្រហែលជា ៣ម៉ឺនដុល្លារលើការថែទាំសុខភាព។ ប៉ុន្តែក្រុមគ្រូពេទ្យនៅតែមិនអាចព្យាបាលជំងឺគាត់ឲ្យបានជាសះស្បើយ។ អំឡុងពេលជាមួយគ្នានោះ គ្រូពេទ្យខ្លះបានអះអាងថា លោក Zhou មានជំងឺរលាកសួត។ រីឯគ្រូពេទ្យខ្លះទៀតបាននិយាយថា គាត់មានជំងឺមហារីកគ្រាប់ឈាម។

ក្នុងអំឡុងការវះកាត់ ក្រុមគ្រូពេទ្យបានរកឃើញឈើចាក់ធ្មេញមួយចង្កាក់ ស្ថិតត្រង់ផ្នែកខាងស្តាំនៃបេះដូងរបស់អ្នកជំងឺ។ គួរបញ្ជាក់ថា ឈើចាក់ធ្មេញមានប្រវែងប្រមាណ៦សង់ទីម៉ែត្រ។ ឥឡូវនេះក្រុមគ្រូពេទ្យបានធ្វើការវះកាត់យកឈើចាក់ធ្មេញនោះចេញពីបេះដូងលោក Zhou បានដោយជោគជ័យហើយ។

យោងតាមប្រសាសន៍របស់លោក Zhou ផ្ទាល់បាននិយាយថា “ខ្ញុំពិតជាមិនចាំថាខ្ញុំបានលេបឈើចាក់ធ្មេញចូលតាំងពីពេលណាមកទេ”។ 

បើតាមប្រសាសន៍គ្រូពេទ្យបានអះអាងថា  លោក Zhou មានទម្លាប់មួយគឺគាត់តែងតែយកឈើចាក់ធ្មេញទៅដាក់ក្នុងកែវស្រាក្នុងអំឡុងពេលផឹកស៊ីជាមួយនឹងមិត្តភក្តិជិតសិទ្ធគាត់។ មូលហេតុដែលគាត់តែងតែធ្វើបែបនេះ ព្រោះគាត់ចង់ដាក់វាជាសញ្ញា ដើម្បីចំណាំថាកែវមួយណាជារបស់គាត់។

លោក Zhou បានសារភាពថា កន្លងមកគាត់ធ្លាប់លេបឈើចាក់ធ្មេញម្តងរួចមកហើយដែរ។  វាបានទៅទើរជាប់នៅត្រង់បំពង់ក។  សំណាងល្អ គាត់គ្រាន់តែយកម្រាមដៃ ខ្វេះវាចេញបានភ្លាមៗ ខុសពីលើកនេះ៕

មានវីដេអូនៅខាងក្រោម៖

លោក Zhou ក្រោយពេលវះកាត់រួច
គ្រូពេទ្យដែលបានវះកាត់ឲ្យលោក Zhou
ឈើចាក់ធ្មេញប្រវែង៦សង់ទីម៉ែត្រ
ឈើចាក់ធ្មេញប្រវែង៦សង់ទីម៉ែត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]