រាជធានី​ភ្នំពេញ​៖ អាកា​រៈ​ជំងឺ​ខ្សោយក្រលៀន​របស់​តារា​សម្តែង នៅ ណា​វី​ន កាលពី​ប៉ុន្មាន​ខែ​មុន​បាន​ធ្វើ​ឲ្យ​តារា​​រូប​នេះ​តប់ប្រមល់​ស្ល​ឈាម ព្រោះ​ជំងឺ​បាន​រុំ​រឹត​រហូត​ធ្វើ​ឲ្យ​នាង​លែង​ចង់​រស់ ហើយ​ជា​រឿយ​ៗ ណា​វី​ន ចង់​តែ​សម្លាប់​ខ្លួន ព្រោះ​បាក់ទឹកចិត្ត ឈឺ​ម្តង​ជួប​ប្រភេទ​ជំងឺ​កាច​សាហាវ​។

ក្រោយ​មានការ​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ និង​បាន​ក្តី​អាណិត​ពី​សប្បុរសជន នៅ ណា​វី​ន បាន​ថវិកា​មួយ​ចំនួន​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ដោយ​វះកាត់​បាន​ជោគជ័យ​។

អ្នក​នាង នៅ ណា​វី​ន បាន​វិល​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ជាមួយ​ទឹកមុខ​ស្រស់ថ្លា​ជាង​មុន បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​ក្រលៀន​អស់​រយៈពេល​៧០​ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា ទី​ដែល​ល្បីល្បាញ​ខាង​ដោះ​ដូរ​ក្រលៀន​មាន​ជំនាញ​ច្បាស់​។

ក្នុង​សំដី​ស្វាហាប់​មាន​កម្លាំង​អម​ជាមួយ​បងប្អូន​សាច់ញាតិ​មក​ទទួល​នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ ណា​វី​ន បាន​រាយរាប់​ពី​ដំណើរ​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​ឲ្យ​អ្នក​សារព័ត៌មាន​កោះ​សន្តិ​ភាព​ដឹង​ថា «​នាង​សូម​សារភាព​ដោយ​ត្រង់​ថា ក្រៅពី​ជំនួយ​ពី​សមាគម​សិល្បៈ​បាន​មក​ពី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​ដូច​ជា​អ្នក​អាណិត​នាង​គេ​ជូន​ជា​ថវិកា នាង​ក៏​លក់​របស់​ផ្ទាល់ខ្លួន​ដូច​ជា ឡាន និង​សម្ភារៈ​ផ្ទាល់ខ្លួន​ដែល​សំខាន់​ៗ​មក​ផ្សំគ្នា​ចេញ​ទៅ​សម្រាក​ព្យាបាល​នា​ប្រទេស​ឥណ្ឌា ធ្វើ​មិច​ឲ្យ​តែ​រស់​មានជីវិត លុយ​រកបាន​ឲ្យ​តែ​នៅ​មាន​កម្លាំង​…»​។

ណា​វី​ន និយាយ​ទាំង​ស្រក់​ទឹកភ្នែក​ថា ពេល​នេះ​អារម្មណ៍​ចង់​សម្លាប់​ខ្លួន​លែង​មាន​ហើយ បន្ទាប់​ពី​ទេវតា​ប្រទាន​ជីវិត​ថ្មី​ឲ្យ​នាង​ឃើញ​មាតុភូមិ​ជាទី​ស្រឡាញ់​ម្តងទៀត​។ ក្រលៀន​នាង​ខូច​សងខាង តែ​វះកាត់​បាន​តែ​ម្ខាង​ពេទ្យ​ថា អាចរ​ស់បាន​ដោយ​ប្រើ​ថ្នាំ​ព្យាបាល​ពេញ​មួយ​ជីវិត​។ ចំណែកឯ​ខ្ទង់ចំណាយ​នា​ប្រទេស​ឥណ្ឌា គឺ​អស់​ជិត​៥​ម៉ឺន​ដុល្លារ ដោយ​នាង​ត្រូវ​សម្រាក​នៅ​ស្រុក​ខ្មែរ​ប្រមាណ​៥​ខែ​ទៀត ទើប​អាច​មាន​សាច់ឈាម​ថ្លា​ឡើង​វិញ ចេញ​ទៅ​ថត​សម្តែង​បាន​ដូច​ដើម​។

លោក​ម៉ា​ដូ​ណា ជា​មិត្ត​ជិតដិត​ជាមួយ នៅ ណា​វី​ន បាន​ថ្លែង​ថា លោក​នឹង​ព្យាយាម​ស្វែងរក​ទីផ្សារ​សិល្បៈ​ឲ្យ​ណា​វី​ន​វិញ ពេល​នាង​ជា​សះស្បើយ​វិល​មក​ប្រក្រតី​វិញ ដើម្បី​ឲ្យ​នាង​សន្សំ​លុយកាក់​ព្យាបាល​បន្ត​។ ណា​វី​ន គ្នា​មាន​សមត្ថភាព​ទាំង​ច្រៀង សម្តែង និង​ពិធី​ការិនី​ពិតជា​កម្រ​មាន ហើយ​រំពឹង​ថា ខាង​ស្ថានីយ​ទូរទស្សន៍​​នានា​អញ្ជើញ​នាង​ច្រៀង​ឲ្យ​បាន​ញ​ញឹក ក៏​ដូច​ជា​ហៅ​នាង​ទៅ​សម្តែង​តាម​ផលិតកម្ម​នានា​បន្ត​ទៀត​។ នៅ ណា​វី​ន ក៏​ចូលរួម​សោកស្តាយ​ចំពោះ​ខេមរៈ ស្រី​ពៅ ដែល​ព្យាយាម​ព្យាបាល​នៅ​ឥណ្ឌា​ដែរ តែ​នៅ​មិន​អាច​ស្រោចស្រង់​បាន​នាង​ថា ក៏​ខូចចិត្ត​ខ្លាំង​ណាស់​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាវីន