ចិន៖ ដោយសារតែ ពិបាកចិត្តនឹងសម្ពាធគ្រួសារបង្ខំឲ្យរៀបការ បុរសគិតខ្លីជនជាតិចិនម្នាក់ សម្រេចចិត្តប៉ងធ្វើអត្តឃាតខ្លួនឯង លោតពីលើស្ពានអាកាស ប៉ុន្តែជាសំណាងល្អត្រូវបានមន្រ្តីប៉ូលិស ចាប់ឃាត់ខ្លួនសង្គ្រោះបានទាន់ពេលវេលា។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រភពសារព័ត៌មាន បុរសដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានជួយសង្គ្រោះដោយមន្រ្តីប៉ូលិសនៅលើផ្លូវហាយវ៉េមួយកន្លែង ក្នុងទីក្រុង Xuzhou ខេត្ត Jiangsu កាលពីថ្ងៃអង្គារ សប្តាហ៍មុននេះ ចំថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិន ក្រោយមានបញ្ហានឹងគ្រួសារដែលបង្ខំឲ្យរូបលោករៀបការទាំងមិនសមបំណង រហូតដាច់ចិត្តទៅអង្គុយតែម្នាក់ឯង នៅគែមស្ពានប៉ុនប៉ងលោតចុះទៅដើម្បីបញ្ចប់ជីវិត។

រូបភាពក្នុងថ្ងៃកើតហេតុ

ក្រោយកើតហេតុ បន្ទាប់ពីមានការជួយអន្តរាគមន៍ពីមន្រ្តីប៉ូលិស បុរសខាងលើនេះ បាននិយាយថា ខ្លួនពិតជាតានតឹង និងចង់ស្លាប់ខ្លាំងណាស់ ដោយសារតែ ជីដូនរបស់លោកបានដាក់សម្ពាធមកលើលោក ដោយបង្ខំឲ្យរៀបការជាមួយនឹងចៅប្រសាស្រីរបស់គាត់ ក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន ទាំងដែលលោកពុំមានចំណាប់អារម្មណ៍ឡើយ។ លោកបានបញ្ជាក់ថា ការប៉ុនប៉ងធ្វើអត្តឃាតនេះ គឺដើម្បីគេចចេញពីការគាបសង្កត់ចំពោះការបង្ខិតបង្ខំមួយនេះ។

មន្រ្តីប៉ូលិសម្នាក់ បាននិយាយថា ជនរងគ្រោះប៉ុនប៉ងធ្វើអត្តឃាតរូបនេះ មានស្មារតីល្អជាធម្មតាទេ។ បច្ចុប្បន្នពុំទាន់មានការងារណាមួយឲ្យបានច្បាស់លាស់ទេ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យ។ ហើយរូបគេក៏បានអះអាងដែរថា ខ្លួននៅលីវនិងពុំធ្លាប់មានសង្សារពីមុនមកឡើយ។

រូបភាពក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ បន្ទាប់ពីក្រុមមន្រ្តីប៉ូលិសបាននិយាយលួងលោម ប្រឹក្សាយោបល់លើកហេតុផលមួយចំនួន និងលើកទឹកចិត្ត បុរសរូបនេះក៏បានបង្ហាញពីភាពស្តោកស្តាយចំពោះទង្វើ ឬសកម្មភាពដែលខ្លួនបានធ្វើចង់បញ្ចប់ជីវិតខ្លួនឯងនេះផងដែរ។

គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុ ប្រភពពុំបានទម្លាយឲ្យដឹងទេថា ប៉ូលិសនឹងមានវិធានការអ្វីជាបន្តជាមួយនឹងបុរសរងគ្រោះខាងលើនេះ ដោយទាក់ទងឲ្យក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញ ឬយ៉ាងណានោះទេ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]