រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង ដែល​កម្មករ​បើក​ចេញពី​កន្លែង​លាង​រថយន្ត​ក៏​បាន​ជ្រុល​ទៅ​បុក គូទ​រថយន្ត TUNTRA រុញ​ទៅ​បុក​ចូល​ផ្ទះ​វេរ​លុយ​វី​ង ហើយ​រថយន្ត​នោះ​បោល​បុក​ឡើង​ខឿន​សួនច្បារ និង​បង្គោល​ភ្លើង​ជាប់​។

គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវ​ហាណូយ កែង​វិ​ថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​។ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ 2SON ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-6327 ត្រូវ​បាន​ភ្ញៀវ​យក​ទៅ​លាង​នៅ​កន្លែង​កើតហេតុ​។

លុះ​កម្មករ​លាង​រួច​ក៏​បាន​បើក​ចេញ​ក្រៅ ដើម្បី​ជូត​សម្អាត ក៏​បាន​ជាន់​ហ្វ្រាំង​ច្រឡំ​ហ្គា​ជា​ហេតុ​បណ្តាល​ឲ្យ​រថយន្ត​នោះ​ស្ទុះ​បោល​ពី​ត្បូង​ទៅ​ជើង​ជ្រុល​ទៅ​បុក​គូទ​រថយន្ត TUNTRA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-7578 កំពុង​បើក​តាម​ផ្លូវ​ហើយ​រុញ​ទៅ​បុក​ចូល​ផ្ទះ​វី​ង​ដូរ​លុយ កល់​ជាប់​កង់​មុខ​។ ចំណែក​រថយន្ត​បង្ក​ក៏​ជ្រុល​ឡើង​ខឿន​សួនច្បារ​បុក​បង្គោល​ភ្លើង​កល់​ជាប់​។

ទោះបីជា​យ៉ាងណា​ពុំ​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ឡើយ​។ ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]