ខេត្តត្បូងឃ្មុំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មនុស្សម្នារាប់ពាន់នាក់មានក្មេងចាស់ប្រុសស្រីបានធ្វើដំណើរភ្លូកទឹកភ្លូកដីតាមម៉ូតូ និងរថយន្តមកលេងរមណីយដ្ឋានបឹងគ្រម ស្ថិតនៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាព្រឹកថ្ងៃទី១០ កុម្ភៈ ២០១៩ ដោយបាននាំគ្នាចុះចាប់ត្រីប្រដាប់ដោយអង្រុក ឆ្នៀង និងឧបរណ៍បុរាណមួយចំនួនទៀត ដោយម្នាក់ៗមានទឹកមុខសប្បាយរីករាយ ។
បើតាមស្ត្រីចំណាស់ម្នាក់ឈ្មោះ ញ៉េ សាវុធ អាយុ៥៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើបានប្រាប់ឱ្យដឹងថា គាត់រួមនឹងកូនចំនួន២នាក់ បាននាំគ្នាធ្វើដំណើរតាមម៉ូតូមួយគ្រឿងដើម្បីចាប់យកត្រីនឹងគេ ហើយគាត់មានទឹកមុខសប្បាយរីករាយដោយឃើញមនុស្សជាច្រើនកុះករនាំគ្នាមកលេងទីនេះ ។ គាត់សង្ឃឹមថា នឹងចាប់ត្រីបានដូចគេឯងដែរ ជាមួយនោះគាត់ក៏មានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមជួយនាំគ្នាអភិរក្សរមណីយដ្ឋានបឹងក្រម ដែលបានកកើតឡើងតាំងពីបុរាណរហូតមកដល់សព្វថ្ងៃនេះឱ្យស្ថិតនៅគង់វង្សយូរអង្វែងផងដែរ។
សូមបញ្ជាក់ថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីរាជការក្រោមលំដាប់ថ្នាក់មកចូលរួមកម្មវិធីចាប់ត្រីនេះផងដែរ នាឱកាសនោះគេបានឃើញលោកអភិបាលខេត្តចុះទៅចាប់ត្រីដោយមានអង្រុកមួយនៅក្នុងដៃដោយផ្ទាល់ដៃទៀតផង ។ បន្ទាប់ពីចាប់ត្រីរួចលោកអភិបាល និងលោកស្រីបានរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយប្រជាពលរដ្ឋធ្វើឱ្យបរិយាកាសក្នុងកម្មវិធីនេះកាន់តែអធិកអធ័មថែមទៀត ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]