បារាំង៖ លោក Arsene Wenger ទំនងជានឹងអាចត្រឡប់មកកាន់ការងារក្នុងវិស័យបាល់ទាត់សាជាថ្មីម្តងទៀត។ ប្រភពមួយចំនួនបានឱ្យដឹងថា ក្លិបយក្សអ្នកមានរបស់បារាំង Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់បានអតីតគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះមកកាន់តំណែងជានាយកផ្នែកកីឡាបាល់ទាត់របស់ក្លិប។
លោក Arsene Wenger បានចំណាយពេលផ្ទាល់ខ្លួនច្រើនគួរសម ដើម្បីសម្រាកពីការងារបាល់ទាត់ ក្រោយក្លិប Arsenal បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក បន្ទាប់ពីរួមរស់ជាមួយគ្នា ២២ឆ្នាំកន្លងមក។ ប៉ុន្តែបើយោងតាម Talksport បានឱ្យដឹងថាលោក Arsene Wenger នឹងអាចត្រឡប់មកវិញនាពេលឆាប់ៗនេះ ស្របពេលដែល PSG ចាប់អារម្មណ៍ចង់បានលោកមករួមដៃជាមួយលោក Thomas Tuchel។
លោក Thomas Tuchel បានចូលមកដឹកនាំ PSG ជំនួសលោក Unai Emery ដែលបានផ្លាស់ទៅកាន់ Arsenal កាលពីដើមរដូវកាល។ ប៉ុន្តែកាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថាបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ ហាក់បីដូចជាមានភាពមិនចុះសម្រុងជាមួយលោក Antero Henrique ដែលជានាយកផ្នែកកីឡារបស់ក្លិប។ កត្តានេះហើយដែលជំរុញឱ្យក្លិបជឿជាក់ថា ការនាំយកលោក Wenger មកចូលរួមនឹងអាចជួយសម្រួលស្ថានការណ៍ និងបង្កើនភាពជិតដិតរវាងគ្រូបង្វឹក ជាមួយក្រុមប្រឹក្សាភិបាលក្លិប។
គួរបញ្ជាក់ថា លោក Arsene Wenger បានចែកផ្លូវគ្នាជាមួយក្លិប Arsenal កាលខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ ក្រោយពីកាន់តំណែងនៅក្លិបអង់គ្លេសមួយនេះជាង ២២ឆ្នាំ។ លោក Arsene Wenger ធ្លាប់ដឹកនាំក្លិប Arsenal ឈ្នះពានរង្វាន់ជាច្រើននៅអង់គ្លេសរួមមាន ពាន Premier League ៣ដង, ពាន FA Cup ៧ដង និងពាន Community Shield ៧លើកផងដែរ។ ជ័យជម្នះធំបំផុតរបស់លោកនៅ Arsenal គឺដឹកនាំក្រុមឈ្នះពានមាស នារដូវកាល ២០០៣-០៤ ពោលគឺ ៣៨ប្រកួតមិនធ្លាប់ចាញ់សោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]