បារាំង៖ ក្លិបបាល់ទាត់ Nantes នឹងធ្វើការគោរពវិញ្ញាណក្ខ័ន្ធរបស់កីឡាករ Sala នាការប្រកួតនាចុងសប្តាហ៍នេះ បន្ទាប់ពីសាកសពរបស់គេត្រូវបានស្វែងរកឃើញ ក៏ដូចជាមានការប្រកាសពីមរណភាពជាផ្លូវការរួច។ 

ក្លិប Nantes បានធ្វើការគោរព និងផ្តល់កិត្តិយសចំពោះអតីតខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ដោយបានដាក់អាវលេខ ៩ ឱ្យនៅទំនេររយៈពេលពេញ ៣រដូវកាលតែម្តង។ ដោយឡែកអ្នកស្រី Nathalie Boy de la Tour ជាប្រធានលីគបារាំងបានឱ្យដឹងថា ការទះដៃគោរពរយៈពេលមួយនាទីគ្រប់ការប្រកួត នឹងត្រូវធ្វើឡើងដើម្បីជាការគោរពចំពោះវិញ្ញាណខ័ន្ធកីឡាករសញ្ជាតិអាហ្សង់ទីន Emiliano Sala។

អ្នកគាំទ្រសោកស្តាយសម្រាប់ការបាត់បង់កីឡាករ Sala
អ្នកគាំទ្រសោកស្តាយសម្រាប់ការបាត់បង់កីឡាករ Sala

ក្លិប Nantes នឹងត្រូវស្វាគមន៍ក្រុម Nimes នៅកីឡដ្ឋាន Stade de La Beaujoire របស់ខ្លួននាយប់នេះផងដែរ។ គួរឱ្យដឹងថា ក្លិប Nantes បានព្យាយាមធ្វើការគោរព និងបួងសួងគ្រប់ការប្រកួតដោយសង្ឃឹមថា កីឡាករ Sala នឹងអាចមានជីវិតត្រឡប់មកវិញ។ ប៉ុន្តែក្រោយពីសាកសពរបស់ Sala ត្រូវបានស្វែងរកឃើញ ក្លិប Nantes ក៏ដូចជាអ្នកគាំទ្រទាំងអស់ បានសម្តែងការសោកសៅយ៉ាងខ្លាំង។ 

ប្រធានក្លិប Nantes លោក Waldemar Kita បាននិយាយថា៖ “កីឡាករ Sala បានចាកចេញទៅដោយបន្សល់ការចងចាំយ៉ាងជ្រាលជ្រៅសម្រាប់ក្លិប ហើយក៏គ្មានកីឡាកររបស់ Nantes ណាម្នាក់ នឹងត្រូវបានប្រើប្រាស់អាវលេខ ៩ ម្តងទៀតឡើយ”។ 

ក្រៅពីក្លិប ក៏ដូចជាអ្នកគាំទ្ររបស់កីឡាករ Sala លោក Noel Le Graet ប្រធានសហព័ន្ធបាល់ទាត់បារាំង ក៏បានផ្ញើសាររំលែកមរណទុក្ខទៅកាន់ក្រុមគ្រួសាររបស់កីឡាករ Sala ផងដែរ៕

អ្នកគាំទ្រសោកស្តាយសម្រាប់ការបាត់បង់កីឡាករ Sala
អ្នកគាំទ្រសោកស្តាយសម្រាប់ការបាត់បង់កីឡាករ Sala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]