អង់គ្លេស៖ អ្នកគាំទ្រពីរនាក់របស់ក្លិប Southampton ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសារពួកគេបានចំអកការស្លាប់របស់កីឡាករ Emiliano Sala ដោយធ្វើកាយវិការរាងយន្ដហោះទៅកាន់អ្នកគាំទ្រក្រុម Cardiff City នៅក្នុងកីឡដ្ឋាន St Mary's កាលពីយប់មិញ។ 

គួរបញ្ជាក់ថា នេះជាការប្រកួតលើកដំបូងរបស់ក្លិប Cardiff City ក្រោយពីមានការប្រកាសផ្លូវការចំពោះមរណភាពនៃកីឡាករ Sala ដែលក្លិបបានទិញពីក្រុម Nantes ក្នុងតម្លៃ ១៥លានផោន។

កីឡាករក្រុម Cardiff City
អ្នកគាំទ្រដែលបានឌឺដង

អ្នកគាំទ្ររបស់ក្លិប Southampton ទាំងពីរនាក់នេះ ត្រូវបានគេថតជាប់ពេលពួកគេកំពុងធ្វើកាយវិការលាដៃជារាងយន្តហោះ នៅតំបន់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ក្នុងន័យឌឺដងទៅកាន់ក្រុមអ្នកគាំទ្រក្លិប Cardiff City។ ក្រោយមកប៉ូលិស Hempshire បានធ្វើការឃាត់ខ្លួនពួកគេទាំងពីរនាក់ ហើយពួកគេម្នាក់ៗប្រឈមនឹងការពិន័យមិនឱ្យចូលកីឡដ្ឋានរយៈពេល ៣ឆ្នាំ។

លោក Neil Warnock

គួរឱ្យដឹងថា ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Southampton និងក្រុមភ្ញៀវ Cardiff City កាលពីយប់មិញ ក្រុមកីឡាករបានពាក់ស្លាកដៃពណ៌ខ្មៅដើម្បីជាការកាន់ទុក្ខ និងគោរពចំពោះវិញ្ញាណក្ខ័ន្ធកីឡាករ Sala ផងដែរ។ 

ការប្រកួតបានបញ្ចប់ទៅក្នុងដោយលទ្ធផល Cardiff City បានយកឈ្នះក្រុម Southampton ២-១។  អ្នកចាត់ការទូទៅរបស់ Cardiff លោក Neil Warnock បាននិយាយក្រោយការប្រកួតថា៖ “ពួកយើងពិតជាចង់បានជ័យជម្នះសម្រាប់ជូនដល់រូបគេ (Sala) ឥឡូវនេះពួកយើងធ្វើបានសម្រេច ហើយជ័យជម្នះនេះគឺសម្រាប់ Sala”៕

កីឡាករ Emiliano Sala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]