ខេត្តត្បូងឃ្មុំ ៖ រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានបោកផ្ទប់នឹងដើមឆ័ត្រមួយដើមលាន់ដូចរន្ទះ បណ្តាលឱ្យបុរសចំនួន៤នាក់ដែលជិះលើរថយន្តនោះបានរងរបួសធ្ងន់ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៥-១៣៦ ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ ។
ជនរងគ្រោះទាំង៤នាក់ខាងលើដែលរងរបួសធ្ងន់រួមមាន ១-ឈ្មោះ ម៉ូវ គង្គា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ជាអ្នកបើកបរ ២-ឈ្មោះឡុច ណាន ភេទប្រុស អាយុ៣៧ឆ្នាំ នៅស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នករួមដំណើរ ៣-ឈ្មោះ យីន ឡេង ភេទប្រុស អាយុ៣៩ឆ្នាំ នៅស្រុកនៅស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នករួមដំណើរ និង៤-ឈ្មោះ ឡេង សុខចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ នៅស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នករួមដំណើរ ។
លោកវរសេនីយ៍ត្រី គង់ សីហុង អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនសណ្តាប់បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសចំនួន៤នាក់ជិះក្នុងរថយន្តម៉ាកកាមរីកែច្នៃមួយគ្រឿង ធ្វើដំណើរមកពីទិសខាងកើតតាមបណ្តោយផ្លូវជាតិក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំនុចកើតហេតុខាងលើ ដែលផ្លូវរាងកោងផងនោះ ក៏បួងចង្កូតមិនទាន់ក៏ ជ្រុលទៅបុកស្លាកសញ្ញាដាច់ជា២កំណាត់ និងបានជ្រុលបោកផ្ទប់នឹងដើមឆត្រយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ ។
លោកអធិការរងនគរបាលរូបនេះប្រាប់បន្តថា សំណាងល្អ រថយន្តមិនបានផ្ទុះឆេះនោះទេ បន្តិចក្រោយមកប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរកន្លែងកើតហេតុបាននាំគ្នាបើកទ្វារចេញមកមើល និងបានជួយសង្គ្រោះដោយចាប់ទាញជនរងគ្រោះមកដាក់នៅកន្លែងសុវត្ថិភាពឱ្យឆ្ងាយពីរថយន្ត និងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីឱ្យចុះមកពិនិត្យ។
ក្រោយពីអ្នកភូមិបានរាយការណ៍ភ្លាម លោកក៏ប្រញាប់ដឹកនាំមន្ត្រីក្រោមឱវាទចុះមកដល់កន្លែងកើតហេតុ និងហៅរថយន្តសាមុយមកដឹកជនរងគ្រោះទាំង៤នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្តេចម៉ែក្រុងសួង ក្នុងនោះជនរងគ្រោះម្នាក់ជាអ្នកបើកបររថយន្តត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ រីឯរថយន្តម៉ាកកាមរីបានរងការខូចខាតខ្ទេច ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុនោះ។
ចំពោះមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះគឺដោយសារស្រវឹងហើយបើកបរ ព្រោះថានៅពេលដែលគ្រោះថ្នាក់កើតឡើង សមត្ថកិច្ចនាំគ្នាសែងជនរងគ្រោះមានធុំក្លិនស្រា ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]