(ពោធិ៍សាត់)៖ អគ្គិភ័យមួយ បង្កឡើងដោយកូនជក់បារីមិនប្រយ័ត្ន ក៏បោះចោលបណ្តាលឲ្យឆេះរាល ឃ្លាំងស្តុកប្រេងម៉ាស៊ូត តូបលក់ចាប់ហួយ រថយន្ត និងសម្ភារមួយចំនួនធំ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមលោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឲ្យដឹងថា អគ្គីភ័យបានលេបត្របាក់ ឃ្លាំងស្តុកប្រេងម៉ាស៊ូត១ខ្នង ធ្វើពីថ្ម និងបន្តឆេះកន្លែងលក់ចាបហួយ មានបណ្តោយ៣០ម៉ែត្រ និងទទឹង១៥ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី ព្រមទាំងឆេះរាលអស់សម្ភារជាច្រើនទៀត តែមិនបង្កឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

លោកអធិការបន្តថាទីតាំងនោះ ជាកម្មសិទ្ធិរបស់ឈ្មោះ ផុន ផល អាយុ៥០ឆ្នាំ រស់នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកក្រគរជួយគ្រប់គ្រងពន្លត់រួចរាល់ហើយ និងដោយបានការជួយអន្តរាគមន៍ពីរថយន្តកងវិស្វកម្មផងដែរ។ ចំពោះសម្ភារដែលមាននៅក្នុងនោះ យើងពុំទាន់ដឹងច្បាស់នៅឡើយទេ រងចាំរបាយការណ៍លំអិតនាពេលក្រោយ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]