បើនិយាយអំពីផ្នូរ ឬទីបញ្ចុះសាកសព ប្រាកដណាស់ថា គ្មានអ្នកណាម្នាក់ចង់ទៅទស្សនាឡើយប្រសិនជាគ្មានករណីចាំបាច់ណាមួយនោះ ព្រោះវាជាកន្លែងដ៏សោកសៅ និងធ្វើឱ្យមានអារម្មណ៍ភ័យខ្លាចរអារផងដែរ។

តែបើនិយាយពីទីកន្លែងបញ្ចុះសពប្រវត្តិសាស្ត្រសម័យបុរាណវិញ បែរជាមានអ្នកទេសចរចូលទៅទស្សនាយ៉ាងច្រើនកុះករទៅវិញ នោះក៏ដោយសារតែ ទីកន្លែងទាំងនោះទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ព្រោះតែអាយុកាលដ៏យូរអង្វែង រួមទាំងការរចនាសាងសង់មានសភាពស្រស់ស្អាត ដោយបង្កប់ភាពអាថ៌កំបាំងមកជាមួយផងដែរ។

ដូច្នេះ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្ត មកស្គាល់ទីតាំងបញ្ចុះសពបុរាណទាំង ១០កន្លែង ដែលបានទាក់ទាញភ្ញៀវទេសចរ និងមានភាពល្បីល្បាញជាងគេ ៖

១. Taj Mahal ប្រទេសឥណ្ឌា

សំណង់ប្រាសាទបែបចេតិយដ៏អសា្ចរ្យមួយនេះ ត្រូវប្រើពេលសាងសង់អស់រយៈពេលដល់ទៅ ២១ឆ្នាំ គិតចាប់ពីឆ្នាំ ១៦៣២ រហូតដល់ឆ្នាំ ១៦៥៣ ដោយព្រះចៅអធិរាជ Shah Jahan នៃរាជវង្ស Mughal ដើម្បីឧទ្ទិសថ្វាយដល់មហេសីរបស់ទ្រង់។

ប្រាសាទ Taj Mahal នេះសាងសង់ឡើងជារាងដំបូលប្រាសាទប្រក់ពីលើផ្នូរ ដោយមានកម្ពស់ ៣៦ម៉ែត្រ ហើយបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO តាំងពីឆ្នាំ ១៩៨៣ មកម្ល៉េះ ថែមបានទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករផងដែរ។

Taj Mahal ប្រទេសឥណ្ឌា
Taj Mahal ប្រទេសឥណ្ឌា

២. ទីបញ្ចុះសពនៃអធិរាជរាជវង្សឈិន (Qin) ប្រទេសចិន

ទីផ្នូរបញ្ចុះសពដ៏ធំមួយនៅក្នុងប្រទេសចិនមួយកន្លែងនេះស្ថិតនៅក្នុងខេត្ត សានស៊ីប្រទេសចិន និងមានអាយុកាលច្រើនសតវត្សរ៍មកហើយ ពោលគឺសាងសង់ឡើងតាំងពីឆ្នាំ ២៤៦ រហូតដល់ឆ្នាំ ២០៨មុនគ្រិស្តសករាជ ដែលប្រើពេលស្ថាបនារយៈពេល ៣៨ឆ្នាំឯណោះ។

កន្លែងបញ្ចុះសពមួយនេះមានផ្ទៃដីលាតសន្ធឹងយ៉ាងធំ ដោយសារតែវាមានផ្ទុកនូវ រូបសំណាក់ធ្វើពីដីជាច្រើន ដូចជាទាហានចំនួន ៨០០០នាក់ រទេះចំនួន ១៣០ សេះ ១៥០ក្បាល និងសេះចម្បាំង ១៥៩ក្បាល ។ ផ្នូរ និងទាហានទាំងអស់នេះត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ១៩៧៤ ហើយត្រូវបានគេដឹងថារូបសំណាកទាំងអស់នេះ ធ្វើឡើងដើម្បីការពារ និងតាមដង្ហែរព្រះចៅអធិរាជបន្ទាប់ពីទ្រង់ចូលទិវង្គតទៅ។

ទីបញ្ចុះសពនៃអធិរាជរាជវង្សឈិង
ទីបញ្ចុះសពនៃអធិរាជរាជវង្សឈិង

៣. The Great Pyramid of Giza ប្រទេសអេហ្ស៊ីប

The Great Pyramid of Giza ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ២៥៦០ ដល់ឆ្នាំ ២៥៤០ មុនគ្រិស្តសរាជ និងត្រូវបានគេដឹងថាជាប្រាសាទផ្នូររបស់ព្រះចៅផារ៉ាអុងមួយព្រះអង្គព្រះនាម Khuf ផងដែរ។

ចេតិយពីរ៉ាមីតដែលមានកម្ពស់ប្រមាណជា ១៤៦.៥ម៉ែត្រមួយនេះ គឺជាប្រាសាទដ៏ចំណាស់ ជាងគេផងដែរ ក្នុងចំណោមចេតិយពីរ៉ាម៊ីតល្បីៗទាំង៣ និងជាអច្ឆរិយវត្ថុ១ក្នុងចំណោមអច្ឆរិយវត្ថុទាំង៧នៅលើពិភពលោកផងដែរ ថែមទាំងបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយេណេស្កូទៀតផង។។ ប្រាសាទនេះបានទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាកម្សាន្តយ៉ាងច្រើន ដោយសារតែវាជាស្នាដៃសាងសង់សំណង់ដ៏ពិចិត្រឥតខ្ចោះ បង្កប់ទៅដោយភាពអាថ៌កំបាំង ។

The Great Pyramid of Giza ប្រទេសអេហ្ស៊ីប
The Great Pyramid of Giza ប្រទេសអេហ្ស៊ីប

៤. ចេតិយក្រហមរបស់លោក លេនីន ប្រទេសរុស្ស៊ី

ទីបញ្ចុះសពដែលស្ថិតនៅកណ្តាលទីក្រុងមូស្គូមួយកន្លែងនេះ បានសាងសង់ឡើងដើម្បីតំកល់សាកសពមេដឹកនាំប្រចាំប្រទេសរុស្ស៊ីដ៏ល្បីល្បាញ នោះគឺលោក Vladimir Lenin ក្រោយពីលោកបានលាចាកលោកនៅក្នុងឆ្នាំ ១៩២៤។

សាកសពរបស់លោកត្រូវបានគេអប់ឱ្យនៅពេញរូបរាងរហូតដល់សព្វថ្ងៃ ដោយរក្សាទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាព ១៦អង្សារសេ និងធ្វើឱ្យមានសំណើមប្រមាណជា ៨០ ឬ៩០%   ជាពិសេសគឺត្រូវធ្វើការធ្វើការលាងសម្អាតសាកសពដោយប្រើជាតិថ្នាំគីមីជារៀងរាល់ ១៨ខែម្តងផងដែរ។

ចេតិយក្រហមរបស់លោក លេនីន
ចេតិយក្រហមរបស់លោក លេនីន

៥. ប្រាសាទ Sant'Angelo ប្រទេសអ៊ីតាលី

ប្រាសាទ Sant'Angelo ដែលមានរូបរាងស៊ីឡាំងស្ថិតនៅក្នុងទីក្រុងរ៉ូមមួយនេះ ត្រូវបានគេហៅម្យ៉ាងទៀតថា ចេតិយ ឬផ្នូរ Hadrain ដោយវាត្រូវបានរចនា និងសាងសង់ឡើងដោយព្រះអធិរាជ Hadrain ផ្ទាល់តែម្តង ដើម្បីប្រើប្រាស់ជាកម្មសិទ្ធរបស់ទ្រង់ និងសែរាជវង្សរបស់ទ្រង់។ តែក្រោយមកប្រាសាទនេះត្រូវបានគេប្រើប្រាស់ជា ប្រាសាទវិហារសាសនារ៉ូម៉ាំងកាតូលិក បន្ទាប់មកក៏បានក្លាយទៅជាសារមន្ទីរ។

ប្រាសាទនេះផងដែរ ក៏ធ្លាប់ជាសំណង់ដែលមានកម្ពស់ខ្ពស់ជាងគេប្រចាំទីក្រុងរ៉ូមទៀតផង តែគួរឱ្យសោកស្តាយវាត្រូវបានបែកបាក់អស់មួយផ្នែកធំដោយសារតែភ្លើងសង្គ្រាម។

ប្រាសាទ Sant'Angelo ប្រទេសអ៊ីតាលី
ប្រាសាទ Sant'Angelo ប្រទេសអ៊ីតាលី

៦. The Church of the Holy Sepulchre ប្រទេសអ៊ីស្រាអ៊ែល (ក្រុមជំនុំនៃសាសនាបរិសុទ្ធអ៊ីស្រាអ៊ែល)

ផ្នូរ ឬទីបញ្ចុះសពមួយនេះ ត្រូវបានគេដឹងថាជាកន្លែងដែលតំកល់សាកសពរបស់ព្រះយេស៊ូគ្រិស្ត និងជាកន្លែងជំនុំសាសនាដ៏បរិសុទ្ធនៃព្រះជាម្ចាស់។ ទីកន្លែងនេះស្ថិតនៅលើកូនភ្នំ Calvary ដែលគេជឿថាជាកន្លែងដែលព្រះយេស៊ូត្រូវបានគេចងឈើឆ្កាង ហើយវាជាទីកន្លែងសក្ការបូជាដ៏សំខាន់មួយផងដែររបស់ក្រុមសាសនិកនៃសាសនាគ្រិស្តតាំងពីសតវត្សរ៍ទី៤មកម្ល៉េះ។

ក្រុមជំនុំនៃសាសនាបរិសុទ្ធអ៊ីស្រាអ៊ែល
ក្រុមជំនុំនៃសាសនាបរិសុទ្ធអ៊ីស្រាអ៊ែល

៧. ផ្នូរ Cyrus ប្រទេសអ៊ីរ៉ង់

ផ្នូរ Cyrus ដែលស្ថិតនៅក្រៅទីក្រុង Pasargadae ក្នុងប្រទេសអ៊ីរ៉ង់មួយកន្លែងនេះ ត្រូវបានគេដឹងថាជាទីបញ្ចុះសពរបស់ព្រះចៅអធិរាជ Cyrus the great ដែលជាស្ថាបនិក និងជាមេដឹកនាំដ៏ខ្លាំងពូកែនៃចក្រភព Persian ក្នុងសតវត្សរ៍ទី៦ មុនគ្រិស្កសករាជ។

តាមការកត់ត្រាបានឱ្យដឹងថា ព្រះចៅអធិរាជ Alexander the Great គឺជាអ្នកដែលបានរកឃើញ និងចូលទៅក្នុងផ្នូរនេះមុនគេនៅក្នុងរវាងសតវត្សរ៍ទី ៤មុនគ្រិស្តសករាជ។ នៅក្នុងទីផ្នូរនេះ ពោរពេញទៅដោយរបស់មានតម្លៃដូចជា មាស ប្រាក់ កែវកង គ្រែមាស មឈូសមាស និងគ្រឿងមានតម្លៃជាច្រើនរាប់មិនអស់ តែត្រូវបានគេលួចយកអស់ជាយូរណាស់មកហើយ ដោយមិនមានអ្នកណាដឹងថាវារូបរាងយ៉ាងម៉េច ឬស្ថិតនៅទីកន្លែងណាមួយនោះទេ រហូតដល់សព្វថ្ងៃនេះ។

ផ្នូរ Cyrus ប្រទេសអ៊ីរ៉ង់
ផ្នូរ Cyrus ប្រទេសអ៊ីរ៉ង់

៨. Shah-i-Zinda ទីក្រុង Samarkand ប្រទេស Uzbekistan

Shah-i-Zinda មានន័យថា « មហាក្សត្រដែលមានជីវិត » គឺជាសំណង់អគារចេតិយដ៏ល្បីល្បាញមួយ ក្នុងចំណាមក្រុមសម្ព័ន្ធសំណង់អគារ៣ក្នុងតំបន់នេះ។ ដោយសំណង់ខ្លះមានអាយុកាលតាំងពីសតវត្សរ៍ទី ១១ និង ១២ ឯសំណង់ខ្លះទៀត ស្ថិតក្នុងសតវត្សរ៍ទី ១៤ ឬ ១៥តែប៉ុណ្ណោះ។

បរិវេណនៃសំណង់ទាំងអស់នេះ មានទាំងចេតិយរបស់ Kusam ibn Abbas ដែលត្រូវបានគេដឹងថាជាមនុស្សជំនិតរបស់ មេដឹកនាំសាសនាមូស្លីម មហាម៉ាត់ផងដែរ។ លោកត្រូវបានគេដុតសម្លាប់នៅទីនេះ ដោយសារតែមូលហេតុ និងជំនឿសាសនាមួយចំនួន ថែមទាំងត្រូវបានគេកាត់ក្បាលដាក់ចូលទៅក្នុងរណ្តៅមួយនៅទីនោះទៀតផង។

Shah-i-Zinda ទីក្រុង Samarkand
Shah-i-Zinda ទីក្រុង Samarkand

៩. ផ្នូរ Jahangir រដ្ឋ Punjab ប្រទេសប៉ាគីស្ថាន

ផ្នូរ Jahangir ត្រូវបានសាងសង់ឡើងសម្រាប់ថ្វាយអធិរាជ Jahangir នៃរាជវង្ស Mughal ដ៏ល្បីល្បាញមួយព្រះអង្គ ដែលទ្រង់បានគ្រប់គ្រងចក្រភពនេះនៅក្នុងអំឡុងឆ្នាំ ១៦០៥ ដល់ឆ្នាំ ១៦២៧។ ទីបញ្ចុះសពនេះសាងសង់ដោយបុត្ររបស់ទ្រង់ផ្ទាល់ ក្រោយពីទ្រង់ចូលទិវង្គតរយៈពេល១០ឆ្នាំ ដោយមានការតុបតែងសួនច្បារ ២ជួរដ៏ស្រស់ស្អាតនៅកណ្តាលផ្លូវចំពីមុខផ្នូរនេះផងដែរ។

ផ្នូរ Jahangir រដ្ឋ Punjab ប្រទេសប៉ាគីស្ថាន
ផ្នូរ Jahangir រដ្ឋ Punjab ប្រទេសប៉ាគីស្ថាន

១០. Mausoleum of the Shirvanshahs ទីក្រុង Baku ប្រទេស Azerbaijan

វិមានចេតិយនេះ គឺជាផ្នែកមួយនៃរាជវាំង Shirvanshahs របស់ប្រទេស Azerbaijan ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ វិមានមួយនេះត្រូវបានសាងសង់ឡើងដោយស្តេច Sultan Khalilullah I ក្នុងសតវត្សរ៍ទី ១៥ ដើម្បីឧទ្ទិសថ្វាយទៅដល់មាតារបស់ទ្រង់ និងបុត្ររបស់ទ្រង់ដែលចូលទិវង្គតទៅ។

Mausoleum of the Shirvanshahs
Mausoleum of the Shirvanshahs

# ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ប្រទេសកម្ពុជា

ដោយឡែក ចំពោះ ប្រាសាទអង្គរវត្ត នៅក្នុងប្រទេសកម្ពុជាយើងវិញ ត្រូវបានគេដឹងថាសាងសង់ឡើងដោយព្រះបាទសូរ្យវរ័ន្មទី២ នៅដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុលោក ក្នុងសាសនាព្រាហ្មណ៍ ។

មិនដូចប្រាសាទខ្មែរភាគច្រើន ប្រាសាទអង្គរវត្ត គឺបែរមុខទៅទិសខាងលិច ដែលធ្វើឱ្យមតិភាគច្រើនបានសន្និដ្ឋានថា ព្រះបាទសូរ្យវរ្ម័នទី២ បានសាងសង់ប្រាសាទនេះទុកសម្រាប់ជាប្រាសាទបញ្ចុះព្រះសពរបស់ទ្រង់ផ្ទាល់ និងអ្នកខ្លះទៀតបាននិយាយថាធាតុរបស់ទ្រង់គឺស្ថិតនៅលើកំពូលកណ្តាលរបស់ប្រាង្គប្រាសាទអង្គរវត្តផងដែរ។ ដោយក្នុងនោះយើងក៏បានឃើញចេតិយរបស់ព្រះមហាក្សត្រមួយចំនួននៅក្នុងបរិវេណប្រាសាទមួយនេះទៀតផង។ 

ទោះជាយ៉ាងនេះក្តីមានមតិជាច្រើន មានការខ្វែងគំនិតគ្នា ចំពោះហេតុផលដែលប្រាសាទដ៏ល្បីល្បាញនេះសាងសង់បែរមុខទៅទិសខាងលិច ដោយមិនទាន់មានអ្នកណាហ៊ានមានអំណះអំណាងជាក់លាក់ណាមួយថា តើប្រាសាទនេះជាផ្នូរបញ្ចុះព្រះសពរបស់អង្គក្សត្រ ឬយ៉ាងណានោះទេ។

គួរឱ្យដឹងផងដែរថា ប្រាសាទអង្គរវត្តត្រូវបានសាងសង់ដោយមានក្បាច់រចនា និងចម្លាក់ល្អឥតខ្ចោះ ថែមទាំងត្រូវបានបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២ ទៀតផង៕

ប្រាសាទអង្គរវត្
ប្រាសាទអង្គរវត្

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]