ហ្វីលីពីន៖ រឿងរ៉ាវស្នេហារវាងនារីម្នាក់ បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់បុរសភេទទី៣ ដែលជាសង្សាររបស់មិត្តប្រុសនាង កំពុងតែល្បីកក្រើកនៅលើបណ្តាញសង្គមលីហ្វីពីន។

កាលពីខែមិថុនា ឆ្នាំ២០១៥ នាង Angelica Mabuhay បានជួបមិត្តរួមផ្ទះរបស់នាងដែលត្រូវបានគេស្គាល់ថាឈ្មោះ Justin ។ ក្រោយមកបន្ទាប់ពីនៅជាមួយគ្នាបានប៉ុន្មានខែ ពួកគេក៏ចាប់ផ្តើមទាក់ទងគ្នាជាហូរហែ រួចក៏ស្រលាញ់គ្នា។ 

នាង Angelica បាននិយាយថា៖

«ខ្ញុំពិតជាស្រលាញ់គាត់ខ្លាំងណាស់។ ខ្ញុំតែងតែផ្ញើសារ និងតេទៅគាត់ជានិច្ច ហើយបើសិនជាទូរស័ព្ទខ្ញុំអស់លុយ ខ្ញុំនឹងបញ្ចូលលុយភ្លាមៗដើម្បីខ្ញុំអាចតេទៅគាត់» ។

នាង Angelica

យ៉ាងណាមិញ លោក Justin ចាប់ផ្តើមប្រែប្រួលបន្ទាប់ពីស្រលាញ់គ្នាបាន ២-៣ ខែ ដូច្នេះនាង Angelica ក៏ចាប់ផ្តើមសង្ស័យ និងចាប់ផ្តើមតាមដានលោក ដោយនាងបាននិយាយថា៖

«ខ្ញុំសង្ស័យថា ខ្ញុំមិនមែនជាមនុស្សស្រីតែម្នាក់ដែលគាត់ស្រលាញ់នោះទេ។ គាត់ច្បាស់ជាមានស្រីលួចលាក់ផ្សេងទៀត ដូច្នេះខ្ញុំលួចតាមដានហ្វេសប៊ុករបស់គាត់ និងឆែកសារនៅក្នុងទូរស័ព្ទគាត់....... គាត់ធ្លាប់ឱបគ្នាជាមួយមនុស្សស្រីផ្សេងដែរ ហើយមានរូបថតទៀត» ។

បើទោះបីជានាង Angelica មានការសង្ស័យក៏ដោយ ក៏នាងនៅតែរក្សាទំនាក់ទំនងស្នេហាជាមួយនឹង លោក Justin ផងដែរ រហូតដល់ថ្ងៃមួយអ្វីៗបានផ្លាស់ប្តូរទាំងស្រុងព្រោះតែហ្វេសប៊ុក។

ជាក់ស្តែង លោក Justin បែរជាមានសង្សារប្រុសជាភេទទី៣ ទៅវិញ ដែលចង់ប្រកាសទំនាក់ទំនងស្នេហារបស់ពួកគេនៅលើបណ្តាញសង្គម។

ក្រោយមកនាង Angelica មានការខឹងសម្បាយ៉ាងខ្លាំង រួចក៏សុំលោក Justin បែកគ្នា ហើយ Justin មិនបានថាអីទេ ថែមទាំងសើចឌឺឌងទៀត ដោយនាង Angelica បាននិយាយថា៖

«គាត់គ្រាន់តែតបសារ ”ហាហាហា” បៀបដូចជារឿងនេះគួរឱ្យអស់សំណើចអីចឹង។ ពេលនោះខ្ញុំពិតជាចង់វ៉ៃគាត់ខ្លាំងណាស់ និងចង់ទៅកន្លែងគាត់ហើយបំផ្លាញរបស់របរគាត់ថែមទៀត» ។

នាង Angelica

សង្សារប្រុសដែលជាភេទទី៣ របស់លោក Justin ត្រូវបានគេស្គាល់ឈ្មោះថា Jeffrey Urieta ដោយ Jeffrey បាននិយាយថា៖

«ពេលដំបូងខ្ញុំជួប Justin ខ្ញុំក៏មានចិត្ត ចាប់អារម្មណ៍លើគាត់ ព្រោះតែគាត់មានសាច់ដុំធំៗ។ តែខ្ញុំមិនដឹងថា គាត់មានមិត្តស្រីនោះទេ។ ក្រោយមកខ្ញុំក៏ស្នើឱ្យពួកយើងដាក់ “In a Relationship” លើហ្វេសប៊ុក ហើយគាត់ក៏យល់ព្រម..... ប៉ុន្តែមាន Comment មួយបាន Comment ថា “ពិតជាអត់កេរ្តិ៍ខ្មាសមែន” ហេតុអីបាជាឯងក្លាយជាមនុស្សខ្ទើយ? អាខ្ទើយសំគីស» ។  

មិនច្បាស់ថាអ្នកណាជាអ្នក Comment បែបនេះទេ តែនាង Angelica មិនបានជេរ ឬឈ្លោះគ្នាជាមួយ Jeffrey ទេ តែផ្ទុយទៅវិញបែរជាផ្ញើសារឱ្យគេ និងចង់ដឹងរឿងរ៉ាវរបស់ Jeffrey និងអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺនាងថែមទាំង Add Jeffrey ធ្វើជាមិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកទៀត។

Jeffrey បាននិយាយថា៖

«Angelica តែងតែផ្ញើសារមកខ្ញុំចង់ដឹងថាខ្ញុំសុខសប្បាយឬអត់» ។

នាង Angelica បានបន្តនិយាយថា៖

«ខ្ញុំក៏មិនដឹងថា ខ្ញុំកំពុងតែធ្វើអ្វីដែរ ខ្ញុំគ្រាន់តែដឹងថាខ្ញុំចូលចិត្តឆាតជាមួយ Jeffrey» ។

លោក Jeffrey

នាង Angelica និងបុរសភេទទី៣ Jeffrey បានបន្តឆាតជាមួយគ្នាជាហូរហែ រហូតយូរៗទៅក៏ស្រាប់តែបាក់ចិត្តលើគ្នា និងមានទំនាក់ទំនងក្លាយជាសង្សារនឹងគ្នាតែម្តង។

នាង Angelica បាននិយាយថា៖

«Jeffrey គឺជាមនុស្សល្អម្នាក់ គាត់ខុសប្លែកពីបុរសដទៃទៀត ហើយខ្ញុំពិតជាចូលចិត្តគាត់ខ្លាំងណាស់។ កាលពួកយើងតេទូរស័ព្ទនិយាយគ្នាលេង ខ្ញុំបានបំផុសគំនិតថាពួកយើងធ្វើជាសង្សារនឹងគ្នាទៅ.... ហើយគាត់ក៏ព្រមភ្លាមៗ» ។

យ៉ាងណាមិញ លោក Jeffrey បាននិយាយថា៖

«ខ្ញុំក៏គិតពីរឿងនេះផងដែរ។ ហេតុអីបានជាខ្ញុំយល់ព្រមជាមួយនាង ខណៈពេលដែលខ្ញុំនៅមានអារម្មណ៍ស្រលាញ់មនុស្សប្រុស? ខ្ញុំក៏គិតថាវាគឺជារឿងអយុត្តិធម៌សម្រាប់នាង ព្រោះតែនាងស្រលាញ់ខ្ញុំ តែខ្ញុំមិនមានអារម្មណ៍ដូចគ្នាជាមួយនាងទេ» ។

យ៉ាងណាមិញ ទំនាក់ទំនងស្នេហារបស់ពួកគេក៏បានរង្គោះរង្គើបន្តិចដែរ នៅពេលដែលនាង Angelica បានរកឃើញថាលោក Jeffrey នៅតែឆាតនិយាយគ្នាជាមួយលោក Justin ទៀត។

លោក Jeffrey និងនាង Angelica

នាង Angelica បាននិយាយថា៖

«ខ្ញុំពិតជាមានភាពឈឺចាប់ខ្លាំងណាស់។ ខ្ញុំពិតជាចង់យំខ្លាំងណាស់ ប៉ុន្តែខ្ញុំខាំមាត់ និងទប់អារម្មណ៍» ។

ប៉ុន្តែលោក Jeffrey បាននិយាយថា៖

«Justin គ្រាន់តែសួរសុខទុកខ្ញុំ ហើយក៏ជូនពរខ្ញុំ និង Angelica ផងដែរ» ។

យ៉ាងណាមិញនាង Angelica នៅតែចាប់បានលោក Jeffrey ទាក់ទងប្រុសជាហូរហែផ្សេងៗទៀត ហើយនាងពិតជាទ្រាំពុំបាន ហើយក៏ឱ្យលោក Jeffrey ធ្វើការសម្រេចចិត្តជ្រើសរើសនាង ឬក៏បុ្រសផ្សេង។

ចុងក្រោយលោក Jeffrey ក៏សម្រេចចិត្តជ្រើសរើសនាង Angelica ព្រោះតែនាងគឺជាមនុស្សស្រីដែលស្រលាញ់លោកខ្លាំងបំផុត។ 

ពេលវេលាពិតជាផ្លាស់ប្តូរលឿនមែន នៅក្នុងខែធ្នូកន្លងទៅនេះ ពួកគេចាប់ផ្តើមទទួលស្វាគមន៍កូនរបស់ពួកគេ ហើយពួកគេក៏រីករាយនឹងចិញ្ចឹមកូនរបស់ពួកគេជាមួយគ្នាផងដែរ។

លោក Jeffrey និងនាង Angelica

លោក Jeffrey បានបន្តនិយាយទៀតថា៖

«បើទោះបីជាជីវិតមានការលំបាកក៏ដោយ ប្រាក់ខែមិនគ្រប់គ្រាន់ក៏ដោយ ក៏ខ្ញុំនៅតែព្យាយាមសន្សំលុយដើម្បីចិញ្ចឹមកូនរបស់យើង។ ខ្ញុំពិតជាមានការសប្បាយចិត្តនៅពេលដែលត្រលប់ទៅផ្ទះ ឃើញមុខកូនរបស់ខ្ញុំ។ ពេលឃើញមុខកូនខ្ញុំ ខ្ញុំបាត់ហត់ហើយ» ។ 

លោក Jeffrey និងនាង Angelica ព្រមទាំងកូន

យ៉ាងណាមិញ រឿងរ៉ាវស្នេហាមួយនេះបានល្បីកក្រើកពេញបណ្តាញសង្គមហ្វីលីពីន មនុស្សម្នាដ៏ច្រើនកុះករបានសម្តែងការគាំទ្រ និងអះអាងថាស្នេហាពិតមិនប្រកាន់ភេទនោះទេ ដោយក្នុងនោះមហាជនបានបញ្ចេញមតិថា៖

«ខ្ញុំគួរតែចាប់ផ្តើមស្វែងរកបុរសភេទទី៣ធ្វើជាសង្សារដែរហើយ» ។

«ពិតជារឿងរ៉ាវស្នេហាដ៏អស្ចារ្យពិតមែន។ សូមឱ្យព្រះជាម្ចាស់ប្រទានពរដល់ពួកគេទាំងពីរ» ។ 

«សឹងតែមិនគួរឱ្យជឿពិតមែន ដំបូងខ្ញុំស្មានតែពួកគេឈ្លោះគ្នា តែផ្ទុយទៅវិញបែរជាស្រលាញ់គ្នាទៅវិញ» ។

«ពិតជាអស្ចារ្យមែន។ ក្នុងរឿងស្នេហាមួយនេះ បុរសភេទទី៣មានទំនួលខុសត្រូវជាងបុរសធម្មតាទៅទៀត» ។

«រឿងស្នេហាមួយនេះ ធ្វើឱ្យខ្ញុំជឿជាក់លើស្នេហាពិតម្តងទៀត។ ស្នេហាដែលគ្មានលក្ខខណ្ឌ មិនប្រកាន់ភេទមិនថាភេទទី៣ ឬភេទធម្មតា សំខាន់គឺស្រលាញ់គ្នាពិតប្រាកដមែន» ។

«ពិតជាគួរឱ្យសរសើរ ជូនពរឱ្យស្រលាញ់គ្នា និងមានសុភមង្គលនៅក្នុងគ្រួសារ» ៕ 

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖ 

នាង Angelica
នាង Angelica
លោក Jeffrey
លោក Jeffrey និងនាង Angelica
លោក Jeffrey និងនាង Angelica
លោក Jeffrey និងនាង Angelica
លោក Jeffrey និងនាង Angelica ព្រមទាំងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]