(ភ្នំពេញ)៖ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល៣ថ្ងៃ ចាប់ពីទី០៥-០៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៩៣៤​,៧៩២នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានរសៀលនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចដែលបានដើរកម្សាន្ត នាឱកាសចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០១៩នេះ មានចំនួនសរុប ៩៣៤,៧៩២នាក់ កើនឡើង ៨.១០% ក្នុងនោះមានភ្ញៀវជាតិមានចំនួន ៨២៦,៧៦១នាក់ កើនឡើង ១១.១០% និងភ្ញៀវអន្តរជាតិមានចំនួន ១០៥,៣៧០នាក់ កើនឡើង ២.៥៣%។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានសង្កត់ធ្ងន់ថា មានចំណុច៣ ដែលគួរឱ្យកត់សម្គាល់សម្រាប់ស្ថិតិខាងលើក្នុងនោះរួមមាន៖

១៖ ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរកម្សាន្ត នៅតែមានការកើនឡើង បើទោះបីជាមានកំណើនតិចជាង បើធៀបនឹងឆ្នាំ២០១៨ ដោយសារចូលឆ្នាំចិនកាលពីឆ្នាំ២០១៨ ប៉ះចំចុងសប្តាហ៍ គឺនៅថ្ងៃសុក្រ សៅរ៍ និងអាទិត្យ រីឯចូលឆ្នាំចិនឆ្នាំនេះប៉ះចំថ្ងៃធ្វើការ គឺអង្គារ ពុធ និងព្រហស្បតិ៍។

២៖ ដោយសារប៉ះចំថ្ងៃធ្វើការប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន ស្ទាក់ស្ទើរក្នុងការធ្វើដំណើរទៅគោលដៅទេសចរណ៍ឆ្ងាយៗ ហើយជ្រើសរើសគោលដៅដែលនៅជិតៗ និងដែលអាចសុំច្បាប់ឈប់សម្រាកខ្លី។

៣៖ មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យចំនួនភ្ញៀវនៅតាមខេត្តគោលដៅមួយចំនួនមានការធ្លាក់ចុះ ប៉ុន្តែគោលដៅដែលនៅជិតរាជធានីភ្នំពេញ និងគោលដៅនៅភាគឦសាន នៅតែទទួលបានកំណើនភ្ញៀវគួរឱ្យកត់សម្គាល់។

សូមជំរាបថា ការដែលមានប្រជាពលរដ្ឋដែលបានចេញដើរកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំចិន កាន់តែច្រើនឡើងៗនោះ គឺដោយសារប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិនមានច្រើនឡើងៗ តាមរយៈក្រុមគ្រួសារនិមួយៗដែលពីមុនមិនជាប់សែស្រឡាយចិន ក្រោយមកមានកូនប្រសារ ឬប្រពន្ធជាប់សែស្រឡាយចិន និងបង្កើតកូន និងចៅ ចេះតែបន្តជាប់សែស្រឡាញបន្តបន្ទាប់គ្នាមក ដែលជាហេតុនាំឱ្យមានកំណើនភ្ញៀវទេសចរនៅក្នុងឱកាសចូលឆ្នាំចិនផងដែរ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]