ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​មនុស្ស​ជា​ច្រើន​ក្នុង​តំបន់ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ស្គាល់​ថា ជា​ឈ្មួញកណ្ដាល រកស៊ី​ដីធ្លី​ដ៏​ល្បីឈ្មោះ​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ តែ​ពេល​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​អំណាច​ដីកា បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យា​ការ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​។ ជនសង្ស័យ​ដែល​តាំងខ្លួន​ជា​ឧកញ៉ា ត្រូវ​បាន​ស្គាល់​មានឈ្មោះ សូ សា​រឹម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អង្គ្រង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ឯក សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ភូមិ​បែក​ថ្លាង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។ លោកនាយ​ការិយាល័យ​បន្ត​ថា ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​សំណុំរឿង​រំលោភ​លើ​ទំនុកចិត្ត ចុះ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​រំលេច និង​នៅ​ភូមិ​តារា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ឈ្មោះ សូ សា​រឹម ជា​ឈ្មួញកណ្ដាល​រកស៊ី​ដី​រូប​នេះ ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏​ដូច​ជា​អាជ្ញាធរ​មួយ​ចំនួន​គោរព​កោតក្រែង​ឥត​ឧបមា ដោយសារ​តែ​ជន​នេះ បាន​អួត និង​អះអាង​ថា​ខ្លួន​មាន​ងារ​ជា ឧកញ៉ា តែ​ការ​អួត​របស់​បុគ្គល​ម្នាក់​នេះ​គេ​មិន​ដែល​បាន​បង្ហាញ​ឲ្យ​ពលរដ្ឋ​ឃើញ ព្រះរាជក្រឹត្យ​តែងតាំង​ងារ​ជា​ឧកញ៉ា​ម្តងណា​ឡើយ​។ បើ​តាម​ប្រភព​ពី​ពលរដ្ឋ​រស់នៅ​ស្រុក​ឧដុង្គ បាន​បង្ហើប​ថា ឧកញ៉ា​ក្លែងក្លាយ​ម្នាក់​នេះ ក្រៅពី​សំណុំរឿង ដែល​សមត្ថកិច្ច​កំពុង​ចាប់ខ្លួន ជនសង្ស័យ​រូប​នេះ​ក៏​នៅ​មាន រឿង​ទិញ​ដី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឃុំ​ព្រះ​ស្រែ ដោយ​គេចវេស​មិន​ព្រម​ប្រគល់​លុយ​ឲ្យ​ម្ចាស់​ដី ហើយ​យក​ដី​ពលរដ្ឋ​ទៅ​លក់​បន្ត ជា​ច្រើន​លើក​ច្រើន​សារ​ដោយ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លក់​ដី​របស់​អ្នក​ដទៃ និង​មាន​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមប្រឹក្សា​ស្រុក​មួយ​ចំនួន​ក៏​មានការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ដែរ​។

លោក សម សាក់ បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៩​ថា ក្រោយ​ឃាត់ខ្លួន​ឧកញ៉ា​ក្លែងក្លាយ​រូប​នេះ សមត្ថកិច្ច​បាន​ធ្វើការ សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តំណាង​អយ្យកា​រហើយ​នាំ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដើម្បី​រង់ចាំ​ចាត់ការ​តាម​ច្បាប់់​នៅ​ពេល​ក្រោយ​។ អាជ្ញាធរ​ស្រុក​ឧដុង្គ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​រង​គ្រោះ រឿង​ដីធ្លី​ដោយសារ​ឧកញ៉ា​ក្លែងក្លាយ​ខាងលើ​នៅ​ស្រុក​ឧដុង្គ​សូម​ទៅ​ដាក់​ពាក្យបណ្តឹង​បន្ថែម ដើម្បី​អោយ​បុគ្គល​រូប​នេះ សង​សំណង​ត្រឡប់​ទៅ​វិញ​។

បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​សំណាក់​អភិបាលរង​ស្រុក​មួយ​រូប គឺ​ជន​នេះ​បាន​ទាក់ទង​ទិញ​ដី​ឲ្យ​ក្រុមហ៊ុន​មួយ ហើយ​បាន​យក​លុយ​ពី​គេ​(​ថៅកែ​)​ថា យក​មក​ទិញ​ដី​តែ​ដល់​ថ្ងៃ​កំណត់ អត់​មាន​ដី​ឲ្យ​គេ​ម្ចាស់​លុយ​ក៏​ប្តឹង​តែ​ម្តង ចំពោះ​ការ​ហៅ​ថា​ឧកញ៉ា​នោះ គឺជា​ការ​ហៅ​បែប​បញ្ជោរ​ត​ៗ​គ្នា​តែ​ប៉ុណ្ណោះ ដោយសារ​តែ​ជន​នេះ​ចាយ​លុយ​របៀប​ជា​អ្នកមាន​ប្រាក់​ទើប​គេ​ចេះ​តែ​ហៅ​ឧកញ៉ា​ៗ​ទៅ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]