អង់គ្លេស៖ ថ្នាក់ដឹកនាំក្លិប Molde FK ដែលជាក្លិបចាស់របស់លោក Solskjaer នឹងត្រូវមកកាន់ទឹកដី Old Trafford ដើម្បីទស្សនាការប្រកួតរវាង Manchester United ទល់ជាមួយនឹង PSG នាពេលខាងមុខនេះ ហើយត្រូវបានរៀបចំឱ្យអង្គុយក្នុងតំបន់ VIP ជាមួយអនុប្រធានក្លិបលោក Ed Woodard ថែមទៀតផង។

គួរឱ្យដឹងថាក្លិប Molde FK  ជាក្លិបដើមរបស់លោក Ole Solskjaer មុនពេលលោកមកកាន់ក្លិប Man UTD ដើម្បីដឹកនាំក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។ បច្ចុប្បន្ន   លោកកំពុងទទួលបានភាពជោគជ័យដឹកនាំក្រុម Man Utd ហើយលោក Ole ក៏កំពុងស្ថិតក្រោមការពិចារណាចុះកិច្ចសន្យាឱ្យលោក Ole Solskjaer កាន់តំណែងជាគ្រូបង្វឹកផ្លូវការផងដែរ។

លោក Ed Woodward

ថ្នាក់ដឹកនាំជាន់ខ្ពស់  បុគ្គលិក  ព្រមទាំងអ្នកគាំទ្រជាង ១០០នាក់នៅប្រទេសណ័រវេស ត្រូវបានក្លិបបិសាចក្រហម អញ្ជើញមកកាន់កីឡដ្ឋាន Old Trafford ដើម្បីជាការលើកទឹកចិត្តដល់លោក Ole  ដឹកនាំក្រុមយកពានរង្វាន់ធំជាងគេនៅអឺរ៉ុប UEFA Champions League។   ការជួបគ្នារវាងថ្នាក់ដឹកនាំទាំងពីរដោយផ្ទាល់លើកដំបូងនេះ គេជឿជាក់ថាជាឆន្ទៈរបស់ Man UTD ក្នុងការចរចាជាមួយក្លិបដើម ដើម្បីខ្ចីលោក Ole  មកដឹកនាំក្រុមរហូតដល់ចប់រដូវកាលតែម្តង។

លោក Ole Gunnar Solskjaer និងក្រុមការងារនៅ Manchester United

ទោះបីជាបែបណាក៏ដោយ លោក Oystein Neerland នាយកគ្រប់គ្រងក្លិប Molde បានឱ្យដឹងថា ក្លិប Molde និង Man UTD មិនទាន់មានការយល់ព្រមលើកិច្ចព្រមព្រៀងណាផ្សេងទៀតលើសពីការអនុញ្ញាតឱ្យក្លិបអង់គ្លេសមួយនេះ ខ្ចីលោក Ole ត្រឹមថ្ងៃទី ១២ ខែឧសភានេះនៅឡើយទេ។

លោកថ្លែងថា៖ “ក្លិប Molde មិនទាន់មានផែនការណាផ្សេងទេសម្រាប់ត្រៀមខ្លួន បើសិនជា Man UTD ពិតជាចង់នាំយកលោក Ole ទៅដឹកនាំមែននោះ”។  ទោះជាបែបនេះក្តី ក៏ថ្នាក់ដឹកនាំក្លិប Molde ធ្លាប់បានបញ្ជាក់រួចមកហើយអំពីបំណងមិនរារាំងក្តីសុបិនរបស់លោក Ole មកដឹកនាំក្លិប Man UTD  ហើយលោក Ole ក៏ធ្លាប់ប្រាប់ដូចគ្នាដែរថា ចំពោះថ្នាក់ដឹកនាំក្លិប Molde បានលើកទឹកចិត្ត និងជំរុញលោកឱ្យមកដឹកនាំក្លិប Manchester United ទៀតផង៕

លោក Oystein Neerland នាយកគ្រប់គ្រងក្លិប Molde
លោក Ole Gunnar Solskjaer កាលនៅដឹកនាំក្រុម​ Molde FK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]