អង់គ្លេស៖ លោក Ole បានបង្ហាញភាពអស្ចារ្យរបស់ខ្លួន ក្នុងការដឹកនាំក្លិបដែលកំពុងដុនដាប មកកាន់ភាពប្រសើរឡើងវិញ ពោលគឺឆ្លងកាត់១០ប្រកួតកន្លងទៅឈ្នះ៩ដង និងស្មើម្តង។ លទ្ធផលដ៏អស្ចារ្យនេះ បាននាំឱ្យ Man UTD ត្រលប់មកប្រជែងកាន់តែកៀកនឹង Top 4 សាជាថ្មី និងចូលទៅកាន់ជុំទី៥ នៃពានរង្វាន់ FA Cup ក៏ដូចជាបង្កើនជំនឿចិត្តរបស់កីឡាករគ្រប់ៗគ្នាយ៉ាងខ្លាំង មុននឹងប៉ះ Paris Saint-Germain នៅវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League នាពេលខាងមុខ។

កីឡាកររបស់ Manchester United

កីឡាករនីមួយៗរបស់ Man UTD ហាក់បីដូចជាគ្មានជំនឿចិត្តក្នុងការរួមរស់ជាមួយក្លិបបន្តឡើយ។ ជាក់ស្តែងកីឡាករ Paul Pogba មានគម្រោងចង់ចាកចេញពីក្លិបអំឡុងទីផ្សារដោះដូរកីឡាករ កាលពីខែមករាកន្លងទៅ។ ប៉ុន្តែក្រោយមក Pogba បានផ្លាស់ប្តូរចិត្តវិញ បន្ទាប់ពីលោក Ole បាននិយាយទៅកាន់គេថា លោកចង់ឱ្យគេ (Pogba) នៅទីនេះបន្ត ព្រោះលោកពិតជាត្រូវការគេដើម្បីស្តារក្រុមត្រឡប់មកវិញ។ 

មិនមែនមានតែ Pogba ប៉ុណ្ណោះទេដែលស្ម័គ្រចិត្តនៅជាមួយ Manchester United បន្ត កីឡាករល្អៗជាច្រើនទៀតរបស់បិសាចក្រហម ក៏បានយល់ព្រមបន្តកិច្ចសន្យារបស់ពួកគេជាមួយក្លិបដោយពេញចិត្តផងដែរ។ ជាក់ស្តែង កីឡាករ Chris Smalling និង Anthony បានយល់ព្រមចុះកិច្ចសន្យាថ្មីជាមួយក្លិបរួចរាល់ហើយ ខណៈដែលកីឡាករ Ander Herrera, Ashley Young, Marcus Rashford និងអ្នកចាំទី David De Gea សុទ្ធតែបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចុះកុងត្រាថ្មីជាមួយក្លិប។

កីឡាកររបស់ Manchester United

មុនជំនួបជាមួយ Fulham ដែលជាឱកាសត្រឡប់មក Top 4 វិញ លោក Ole បាននិយាយថា៖ “នេះមិនមែនជាសុបិនឡើយ សម្រាប់ការឡើងមកកាន់ Top 4 សាជាថ្មី ពួកយើងជា Manchester United ហើយយើងត្រូវមានគោលដៅឈ្នះពាន EPL។ បើទោះបីជាយើងមិនអាចយកវាបាននៅរដូវកាលនេះ ប៉ុន្តែពួកយើងត្រូវប្តេជ្ញាចិត្ត និងយកវាឱ្យបាននាពេលខាងមុខ”៕

លោក ole gunnar solskjær

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]