WARNING: GRAPHIC IMAGES 

ខេត្តស្ទឹងត្រែង ៖ [Update] សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​សហការ​ជាមួយ​អធិការ​ស្រុក​សេ​សាន​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​ដែល​សម្លាប់​បុរស​ម្នាក់​រួច​ចង​ថ្ម​សណ្តូន​ទម្លាក់​ចុះ​ទឹក​ទន្លេសេសាន ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លង​មកនេះ និង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​អធិការ​ស្រុក​សេ​សាន​ស្រាវជ្រាវ​រក​ឃើញ និង​​ដឹង​ពី​ការ​ពិតហើយ ​គឺ​កូនបង្កើត​​របស់​ជន​រង​គ្រោះជា​ឃាតករ ចំណែក​ប្រពន្ធ និង​ប្អូនថ្លៃ​របស់ជនរងគ្រោះ​គ្រាន់តែ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​មួយ​នេះ​។

លោក​វរសេនីយ៍ទោ​ដួង​ស៊ី​វុ​ត្ថា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ​ថង រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។

ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ១-​ឈ្មោះ រិ​ទ្ធី សុ​មន្នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជាជនដៃដល់ និង​ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ ២-​ឈ្មោះ ម៉េ​ត អាប់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ និង​២-​ឈ្មោះ ម៉េ​ត គី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​របស់​ជន​រង​គ្រោះ ។ ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។

លោកនាយ​ការិយាល័យ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ ប្ដី​ស្រវឹង​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ រួម​ទាំង​កូន ពេល​ដែល​ឈ្លោះ​គ្នា​នោះ ឪពុក​បាន​យក​ដំបង​បំរុង​វាយ​ទៅ​លើ​កូន តែ​កូនចាប់​យក​ដំបង​បាន​ក៏​វាយ​ទៅ​លើ​ឪពុក​វិញ​ចំនួន​២ ដំបង​ចំ​ក្បាល​ផ្នែក​ខាងក្រោយ និង​មួយ​ដំបង​ទៀត​ចំ​ស្មា បណ្តាល​ឪពុក​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ផ្ទះ​តែ​ម្ដង។

លោក​វរសេនីយ៍ទោ​បន្ត​ថា ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ក្រោយ​កើតហេតុ កូនប្រុស​បាន​អៀវ​ឪពុក​ដែល​ស្លាប់​ចុះ​ទៅ​ក្នុង​ទន្លេ ដោយ​យក​សព​ឪពុក​ចង​សណ្ដូន​ជាមួយ​ថ្ម​ជា​ច្រើន​ដុំ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេសេសាន​។

លោក​វរសេនីយ៍ទោ​បន្ត​ទៀត​ថា ៖ លុះ​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ អណ្ដែត​ក្នុង​ទឹកទន្លេ ដោយ​សព​មាន​ខ្សែ​ចង​ដុំ​ថ្ម​ជា​ច្រើន​ដុំ ហើយ​បាន​រាយការណ៍​ទៅ​ដល់​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​ឃើញ​ថា សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សម្លាប់ និង​មាន​ចង​ដុំ​ថ្ម​សណ្ដូន​ទម្លាក់​ទឹក​ហើម​ស្អុយ​។

លោក​វរសេនីយ៍ទោ​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​មាន​ករណី​នេះ​កើតឡើង​ហើយ គេ​មិន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នោះ​ទេ ហើយ​ត្រូវ​បាន​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​ដឹកនាំ​ដោយ លោក​ដួង​ស៊ី​វុ​ត្ថា​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​សេ​សាន​ចុះ​ស្រាវជ្រាវ​ក្នុង​ករណី​ខាងលើ​នេះ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​ខាងលើ​នេះ​រួម​មានកូន​ប្រុស ប្រពន្ធ និង​ប្អូនថ្លៃ​របស់​ជន​រង​គ្រោះ​នាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សេ​សាន​និង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សាកសួរ​។

លោកនាយ​ការិយាល័យ​បន្ត​ថា នៅ​ថ្ងៃ​ទី​៧ កុម្ភៈ បន្ទាប់​ពី​មានការ​សាកសួរ ជនដៃដល់​​ជា​កូន​មិន​បាន សារភាព​ថា ខ្លួន​ជា​អ្នក​សម្លាប់​ឪពុក​នោះ​ទេ តែ​ម្ដាយ​ជនដៃដល់​​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​កើត​ហេតុ ប្តី​របស់​គាត់​ឈ្លោះ​ជាមួយ​គាត់ និង​កូន ហើយ​ប្តី​បាន​យក​ដំបង​បម្រុង​វាយ​គាត់ និង​កូន តែ​កូន​ក៏​បាន​ស្ទុះ​ទៅ​ឆក់​យក​ដំបង​ពី​ឪពុក រួច​​វាយ​ទៅ​លើ​ឪពុក​ចំនួន​២​ទៅ​៣​ដំបង បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្ដង ហើយ​អៀវ​សព​ជន​រង​គ្រោះ​ចុះ​ទៅ​ក្នុង​ទន្លេ​ និង​ចង​សណ្តូន​ជាមួយ​ដុំ​ថ្ម​ទម្លាក់​ទឹក​ដើម្បី​បំបាត់ភស្តុតាង​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតក​កម្មនេះ​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ នេះ ជនសង្ស័យ​ទាំង​៣​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]