អេស្ប៉ាញ៖ ប្រធានក្លិប Barcelona លោក Josep Maria Bartomeu បានឱ្យដឹងថា ក្លិបកំពុងព្យាយាមវិនិយោគលើកីឡាករវ័យក្មេងដែលមានសមត្ថភាព ដើម្បីត្រៀមលក្ខណៈឱ្យប្រសើរបន្ទាប់ពីការចូលនិវត្តន៍របស់ Messi។ នារដូវកាលថ្មីនេះ កីឡាករ Lionel Messi នៅតែជាកីឡាករកំពូលសម្រាប់ Barcelona និងជាឆ្អឹងខ្នងសំខាន់បំផុតសម្រាប់លោក Ernesto Valverde បន្ទាប់ពីការបង្ហាញខ្លួនបាន ២៨ ប្រកួត និងទាត់បាល់បញ្ចូលទីបាន ២៩គ្រាប់។

កីឡាករ Lionel Messi

គួរឱ្យដឹងថា Messi មានកិច្ចសន្យាដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២១ ដែលមានន័យថា Messi នឹងរួមរស់ជាមួយ Barcelona រហូតដល់វ័យ ៣៤ឆ្នាំ។ បើទោះបីជាបែបណាក៏ដោយ គេដឹងថាប្រធានក្លិប Barcelona ព្យាយាមដើម្បីឱ្យ Messi នៅជួយក្លិបបន្តទៀតនៅពេលដែលកិច្ចសន្យាអស់សុពលភាព។ ក្លិបបាល់ទាត់ Barcelona ទើបតែបានចុះកុងត្រានាំយកកីឡាករវ័យក្មេង ២រូបកាលពីពេលថ្មីៗនេះរួមមានកីឡាករ De Jong ក្នុងតម្លៃ ៧៥លានអឺរ៉ូពីក្លិប Ajax និងកីឡាករ Emerson ដែលមានវ័យ ២០ឆ្នាំពីក្លិប Atletico Mineiro។

កីឡាករ Frenkie De Jong
កីឡាករ Emerson

គួរបញ្ជាក់ថា លោក Bartomeu នឹងត្រូវផុតអាណត្តិជាប្រធានក្លិប Barcelona នៅឆ្នាំ ២០២១ ក៏ប៉ុន្តែលោកមានជំនឿចិត្តថា មុននឹងចាកចេញពីតំណែងនេះ លោកនឹងព្យាយាមរក្សាក្លិបឱ្យស្ថិតក្នុងលំដាប់កំពូល និងជាក្លិបដ៏អស្ចារ្យបំផុតមួយលើលោក។ 

ក្នុងបទសម្ភាសន៍ជាមួយ BBC Radio លោក Bartomeu បាននិយាយថា៖ “Messi នឹងត្រូវចូលនិវត្តន៍នាថ្ងៃខាងមុខ ហេតុនេះហើយទើបពួកយើងត្រូវត្រៀមខ្លួនឱ្យបានល្អបំផុត មុនថ្ងៃនោះមកដល់”។ 

លោកបន្ថែមថា៖ “ពួកយើងព្យាយាមនាំយកកីឡាករវ័យក្មេងល្អៗមកកាន់ក្លិបបន្ថែម ព្រោះពួកយើងត្រូវបន្តភាពជោគជ័យរបស់យើងយូរអង្វែងទៅមុខ។ ពិតណាស់ថាអាណត្តិរបស់ខ្ញុំនឹងចប់នៅ ២រដូវកាលខាងមុខ(ឆ្នាំ ២០២១) ដូចនេះខ្ញុំត្រូវចាកចេញក្នុងពេលដែលក្លិបនៅក្នុងលំដាប់កំពូល និងប្រាប់ទៅកាន់ប្រធានក្លិបថ្មីថា នេះគឺជាកេរ្តិ៍ដំណែលរបស់យើង”៕

លោក​ Josep Bartomeu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]