រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា មាន​កង់បីឥណ្ឌា​ (Pass App)មួយគ្រឿង​ បាន​គេចពីរថយន្ត​ពីរគ្រឿង​ដែលបើកវ៉ាគ្នា​ បណ្តាល​ឱ្យកង់បីឥណ្ឌា​ធ្លាក់​ចូល​ប្រឡាយទឹកស្អុយ​រងការ​ខូចខាតបែកកញ្ចក់មុខ​ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​វេលាកើតហេតុ​ម៉ោង​​​៤​និង​២០នាទីរសៀលថ្ងៃទី​​​​​​៧ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​តាម​បណ្តោយផ្លូវជាតិលេខ​៤ ក្នុងភូមិ​អូរដឹម សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ ។

អ្នកបើកបរ​​ម៉ូតូកង់បីឥណ្ឌា​ឈ្មោះវ៉ាន់ ចៃ ភេទប្រុស អាយុ​​​៦២​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​ព្រៃទន្លាប់​ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពព័ត៌មានពី​បុរសជាអ្នកបើកបរកង់បី​ឥណ្ឌា (Pass App) បានរៀបរាប់​​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គឺគាត់​​បាន​បើកបរ​​កង់បីឥណ្ឌា​ក្នុងទិសដៅពីកើតទៅលិច​ លុះមក​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​២គ្រឿង​បើកស្របទិសគ្នា ហើយ​ក៏​បាន​បើកជែងគ្នា​ ពេលនោះ​អ្នកបើកបរ​​កង់បីឥណ្ឌាមើល​តាម​កញ្ចក់ឃើញ​រថយន្តទាំងពីរគ្រឿងនោះ​បើកបរសំដៅមក​កង់បីឥណ្ឌា​របស់គាត់ ​ធ្វើ​ឱ្យ​គាត់​បើកបរកង់បីឥណ្ឌា​គេច ក៏​បណ្តាល​ឱ្យធ្លាក់​ចូល​ប្រឡាយទឹកស្អុយរងការ​ខូចខាតបែកកញ្ចក់មុខ​តែម្តង ។​

ប្រភពដដែល​បាន​បន្ត​ថា ប្រសិនបើគាត់មិន​បើកបរ​​កង់បីឥណ្ឌា​គេចរថយន្តទាំង​២គ្រឿងខាងលើ​នោះទេ គឺ​អាច​បណ្តាល​ឱ្យ​​រថយន្ត​បុក​ខ្ទេច ឬក៏អាចមានគ្រោះថ្នាក់ដល់​ជីវិតទៀតផង​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]