(ស្វាយរៀង)៖ យុវជនម្នាក់និងមិត្តភក្តិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលយករថយន្ត RX330 មួយគ្រឿង របស់ឪពុកបើកមិនដឹងថាទៅណានោះទេ ព្រោះតែឪពុកខ្លាចប៉ះពាល់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកដទៃក៏បានប្តឹងសមត្ថកិច្ចក្រុងបាវិត ឲ្យជួយឃាត់ តែពេលដែលឃើញសមត្តកិច្ចដេញតាមពីក្រោយ ស្រាប់តែបន្ថែមល្បឿន បើកកាន់តែលឿនដូចហោះ ធ្លាក់ប្រឡាយទឹកជាប់សាលារៀន និងរបងវត្តខ្ជាយទៅមុខលែងរួច។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងកើតរបងវត្តខ្ជាយ ស្ថិតក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមមត្ថកិច្ចដកស្រង់សម្តីពលរដ្ឋ បានឃើញហេតុការណ៍នេះ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត RX330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AN 9931 ធ្វើដំណើរពីទិសខាងត្បូងទៅជើង ដោយមានរថយន្តសមត្ថកិច្ចដេញតាមពីក្រោយ យ៉ាងប្រផិតប្រភីញ។ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវនេះរាងកោង ក៏រេចង្កូតមកខាងលិច ផ្លូវធ្លាក់ចូលប្រឡាយត្រាំក្នុងទឹកទាំងម៉ាស៉ីន មិនទាន់រលត់ផងនោះ។

សមត្ថកិច្ចស្រុកស្វាយទាប បានឲ្យដឹងទៀតថា ក្រោយបានទទួលពាក្យបណ្តឹងពីឪពុក របស់យុវជនខាងលើ សមត្ថកិច្ចចេញមកស្ទាក់លើផ្លូវជាតិលេខ១ ក៏ជួបប្រទះរថយន្តខាងលើ។ សមត្ថកិច្ចនាំគ្នាដេញតាម ហើយមកដល់ចំណុចក្លោងទ្វារវត្តខ្ជាយ យុវជនខាងលើបត់ស្តាំសំដៅទៅទិសខាងជើង។

ប្រភពបានបន្តថា សមត្ថកិច្ចតាមលុះមកដល់ផ្លូវកោង ដោយរថយន្តបើកលឿនពេក ក៏ជ្រុលចង្កូតមកធ្លាក់ប្រឡាយទឹកតែម្តង។ ក្រោយពីរថយន្តធ្លាក់នោះប្រឡាយរួចមក យុវជនទាំង២នាក់ បានបើកទ្វាររថយន្តរត់ចេញទៅវត្ត តែត្រូវពលរដ្ឋដេញចាប់បានប្រគល់សមត្ថកិច្ច។

សមត្ថបានឲ្យដឹងទៀតថា ឪពុកយុវជនខាងលើមានឈ្មោះ ចាន់ ណាវី មានទីលំនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត។ យុវជនបង្កខាងលើ មានឈ្មោះ ចាន់ សុខកា អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះមើលកូន​មានប្រពន្ធប្រកបមុខរបរធ្វើសក់ និងកូនប្រុសមួយ រស់នៅភូមិឃុំកើតហេតុខាងលើ និងអ្នករួមដំណើរជាមួយមានឈ្មោះ អាតឿ អាយុ២០ឆ្នាំជាង។

ក្រោយពីបង្កហេតុរួចមក សមត្ថកិច្ចឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាល ស្រុកស្វាយទាប ដើម្បីធ្វើតេស្តទឹកមូត ជាលទ្ធិផលគឺមានសាធាតុញៀនទាំង២នាក់។ ចំណែករថយន្តខូចខាតផ្នែកខាងបន្តិតបន្តួច ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់រថយន្ត ដែលជាឪពុក។ រីឯយុវជន២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ម្នាក់ឈ្មោះអាតឿ ត្រូវបានសមត្ថកិច្ចនាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដោយមានដីកាតុលា និងយុវជនបើកបររថយន្តឃាត់ខ្លួន នៅអធិការស្រុកស្វាយទាប រង់ចាំដោះស្រាយតាមច្បាប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]