(សៀមរាប)៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅលេងកម្សាន្តខេត្តសៀមរាប មានការកើនឡើង៣.៩៨% ក្នុងថ្ងៃចូលឆ្នាំចិន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបដែល Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

របាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប ​បានឲ្យដឹងថា ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៩៣,៦០៥នាក់ មានការកើនឡើង៣.៩៨% បើប្រៀប​ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានតែចំនួនប្រមាណ ៩០,៨២៦នាក់ ប៉ុណ្ណោះដែលបានមកទស្សនាខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានគូសបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ មានចំនួន៤១,៦០៥នាក់ គឺមានការកើនឡើង ២២.២៧ % បើប្រៀបធៀប​​រយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន៣៤,០២៦នាក់។ ហើយភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៥​,២ម៉ឺននាក់ មានការថយចុះ៧.១៤% បើប្រៀបធៀប​​រយៈពេលដូចគ្នាឆ្នាំ២០១៨ ចំនួនប្រមាណ ៥​ម៉ឺន៦ពាន់នាក់។​

លោកបានកត់សំគាល់ថា ឆ្នាំ២០១៩នេះ ថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម មិនប៉ះចំថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ ហើយកាលពីឆ្នាំ២០១៨ ថ្ងៃចូលឆ្នាំប៉ះចំថ្ងៃសុក្រ​ សៅរ៍​ និងថ្ងៃអាទិត្យ តែចំពោះភ្ញៀវជាតិវិញ នៅព្រឹកថ្ងៃព្រហស្សតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហាក់មានការកើនឡើង។ ហើយការកើនឡើងនៃចំនួនភ្ញៀវជាតិនេះ អាចនឹងមានរហូតដល់ចុងសប្ដាហ៍នេះ គឺពីថ្ងៃទី៧-១០ ខែកុម្ភៈ ឆ្នាំ២០១៩៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]