តួកគី៖ យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់ជីវិត និងប្រមាណ ៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ នៅក្នុងឧបទ្ទវហេតុបាក់អាគារស្នាក់នៅ (ឬអាផាតមិន) មួយកន្លែង ក្នុងប្រទេសតួកគី។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃពុធ ទី៦ កុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថិតនៅក្នុងតំបន់ Kartal ទីក្រុងអ៊ីស្ដង់ប៊ុល (Istanbul) ប្រទេសតួកគី។

រូបភាពពីកន្លែងកើតហេតុ

អភិបាលក្រុងអ៊ីស្ដង់ប៊ុល លោក Ali Yerlikaya បានថ្លែងប្រាប់សារព័ត៌មាន នៅកន្លែងកើតហេតុថា មានមនុស្សចំនួន ៤៣នាក់ បានចុះបញ្ជីស្នាក់នៅក្នុងអាគារអាផាតមិនចំនួន១៤ កម្ពស់៨ជាន់នេះ ប៉ុន្តែនៅក្នុងនោះគេដឹងថា ជាន់ទី៣នៃអាគារ គឺត្រូវបានសាងសង់ខុសច្បាប់ (ឬពុំមានមាត្រដ្ឋានសំណង់ត្រឹមត្រូវ)។

លោកអភិបាល Yerlikaya បានបន្តថា ហើយនៅជាន់ក្រោមនៃអាគារអាផាមិនមួយនេះ ក៏មានជាកន្លែងវាយនភណ្ឌ (កាត់ដេរ ឬតម្បាញជាដើម) ដែលបានបើកដំណើរការ ទាំងគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវទៀតផង។

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ គេក៏មិនទាន់ដឹងប្រាកដពីមូលហេតុនៃការបាក់រលំនៅឡើយទេ ខណៈដែលខាងប្រធានអង្គការគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្នរបស់ប្រទេសតួកគី ឬហៅកាត់ថា AFAD ក៏បាននិយាយដែរថា បច្ចុប្បន្នគឺស្ថិតនៅក្រោមការស៊ើបអង្កេត និងបើកប្រតិបត្តិការរុករក ជួយសង្គ្រោះដល់ជនរងគ្រោះ។

ទីភ្នាក់ងារសារព័ត៌មាន Anadolu ក៏បានរាយការណ៍ដែរថា លោកប្រធានាធិបតីតួកគី Tayyip Erdogan ក៏បានបញ្ជូនរដ្ឋមន្រ្តីពាក់ព័ន្ធមួយចំនួន ចុះទៅផ្ទាល់ក្នុងតំបន់កើតហេតុនោះ ដើម្បីជួយសម្រួលនិងអន្តរាគមន៍ផងដែរ។

រូបភាពពីកន្លែងកើតហេតុ

គួរឲ្យដឹងផងដែរថា តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ផ្លូវនៅជុំវិញតំបន់កើតហេតុនោះ គឺត្រូវបានបិទជាបណ្ដោះអាសន្ន ហើយក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ ក៏បានបញ្ចេញប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ដើម្បីរុករើនិងបន្តស្វែងរកជនរងគ្រោះផ្សេងទៀត ដែលនៅជាប់គាំងក្រោមគំនរបាក់បែកនោះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពពីកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]