អ៊ីតាលី៖ លោក Aleksander Ceferin ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងលោក Andrea Agnelli ប្រធានសមាគមក្លិបបាល់ទាត់ទ្វីបអឺរ៉ុប (ECA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៤។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងរ៉ូម  បង្ហាញពីឆន្ទៈរួមគ្នារវាង UEFA និង ECA  បន្តធ្វើការរួមគ្នាដើម្បីភាពសុចរិតនៃបាល់ទាត់អឺរ៉ុប។ បន្ទាប់ពីការចុះហត្ថលេខាត្រូវបានប្រកាសជាផ្លូវការហើយនោះ លោក Ceferin បានសម្តែងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលស្ថាប័នកំពូលទាំងពីរនៃបាល់ទាត់អឺរ៉ុប អាចរួមគ្នាដើម្បីជាប្រយោជន៍ដល់វិស័យមួយនេះ។

លោក Aleksander Ceferin និង លោក Andrea Agnelli

លោក Ceferin បានថ្លែងថា៖ "ក្នុងនាមជាអង្គភាពគ្រប់គ្រងបាល់ទាត់អឺរ៉ុប និងគ្រប់គ្រងក្លិបបាល់ទាត់នៅអឺរ៉ុប ពួកយើងនឹងបន្តសហការគ្នាដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ និងកំណត់អនាគតនៃកីឡាបាល់ទាត់នៅទូទាំងទ្វីបនេះ"។ 

គួរឱ្យដឹងផងដែរថា គោលបំណងនៃកិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីចូលរួមការពារបាល់ទាត់ចេញពីចំណុចអវិជ្ជមានផ្សេងៗដូចជា ការប្រើប្រាស់អំពើហិង្សានៅលើទីលាន  ការរៀបចំលទ្ធផលការប្រកួតទុកមុន  និងហាមឃាត់កីឡាករពីការប្រើប្រាស់សារធាតុញៀនខុសច្បាប់ ជាដើម។

លោក Aleksander Ceferin និង លោក Andrea Agnelli

ជាមួយនឹងកិច្ចសហការគ្នារយៈពេល ៥ឆ្នាំទៅមុខបន្តទៀត លោក Agnelli ជឿជាក់ថាភាពជាដៃគូនេះជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អនាគតបាល់ទាត់អឺរ៉ុប។ កិច្ចព្រមព្រៀងនេះធ្វើឱ្យ ECA ក្លាយជាភាគីសំខាន់មួយនៃដំណើរការធ្វើសេចក្តីសម្រេចផ្សេងៗរបស់ UEFA។  កិច្ចព្រមព្រៀងនេះក៏បានបង្ហាញផងដែរថា ទាំង UEFA និង ECA នឹងធ្វើការអភិវឌ្ឍន៍ទៅលើច្បាប់ហិរញ្ញវត្ថុ Financial Fair Play (FFP) ក៏ដូចជាធ្វើឱ្យប្រសើរឡើងបន្ថែមទៀតសម្រាប់ការប្រកួតអន្តរជាតិបន្តបន្ទាប់ ក្រោយឆ្នាំ ២០២៤៕

ម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League ឆ្នាំ២០១៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]