បរទេស៖ ក្រុមអ្នកស្រាវជ្រាវ និងស៊ើបអង្កេត Air Accident Investigation Branch (AAIB) បានប្រាប់ឱ្យដឹងកាលពីថ្ងៃពុធកន្លងទៅថា ពួកគេបានប្រទះឃើញសាកសពមនុស្សម្នាក់ក្នុងបំណែកយន្តហោះ។ 

ទោះយ៉ាងណា ក្រុមអ្នកស្វែងរកនៅមិនទាន់អាចកំណត់អត្តសញ្ញាណបានឡើយ ថានោះជារាងកាយរបស់អ្នកណាម្នាក់ នៅក្នុងចំណោមអ្នកបើកយន្តហោះ អ្នកដំណើរ ឬកីឡាករ Sala ព្រោះអាកាសធាតុមិនអំណោយផលធ្វើឱ្យក្រុមការងារពិបាកធ្វើការ។

បំណែកយន្តហោះដែលត្រូវបានស្វែងរកឃើញ

ក្រុមអ្នករុករក AAIB បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ប្រតិបត្តិការនេះត្រូវបានព្យាយាមធ្វើតាមគ្រប់មធ្យោបាយទាំងអស់ ហើយពួកយើងព្យាយាមផ្តល់ព័ត៌មានពីការវិវឌ្ឍន៍នៃការស្វែងរកនេះ ទៅកាន់ក្រុមគ្រួសារឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន។ ប៉ុន្តែជាអកុសលការប៉ុនប៉ងរុករកអ្វីផ្សេងៗទៀតក្នុងបំណែកយន្តហោះមិនទាន់អាចធ្វើបានសម្រេចនៅឡើយទេ ព្រោះបញ្ហាអាកាសធាតុមិនល្អនាំឱ្យពួកយើងបង្ខំចិត្តបញ្ជាឧបករណ៍ស្វែងរក ត្រឡប់មកខាងលើវិញសិន”។

ទោះបីជាយ៉ាងណាក៏ដោយ AAIB បាននិយាយថាវាពិតជាពិបាកយកយន្តហោះនេះមកវិញណាស់។ សេចក្តីថ្លែងការណ៍របស់ AAIB បានឱ្យដឹងថា៖ "កំណត់ត្រាវីដេអូដ៏ធំដែលត្រូវបានថតដោយ ROV​ ត្រូវបានគេរំពឹងថានឹងផ្តល់ភស្តុតាងដ៏មានតម្លៃសម្រាប់ការស៊ើបអង្កេតរបស់យើង។  យើងរំពឹងថាការធ្វើបច្ចុប្បន្នភាពបន្ទាប់របស់យើងជារបាយការណ៍បណ្តោះអាសន្នមួយ ដែលយើងមានបំណងបោះពុម្ពផ្សាយនៅក្នុងរយៈពេលមួយខែក្រោយ បន្ទាប់ពីគ្រោះថ្នាក់នេះបានកើតឡើង"។

របាយការណ៍ចុងក្រោយបង្អស់បានឱ្យដឹងថា ឥលូវនេះសាកសពដែលនៅក្នុងយន្តហោះនោះ ត្រូវបានក្រុមសង្គ្រោះនាំមករក្សាទុកនៅកោះ​ Portland ហើយដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យមើល ថាតើនេះជាសាកសពរបស់កីឡាករ Sala ឬជាសាកសពរបស់អ្នកបើកយន្តហោះខាងលើ៕

អ្នកគាំទ្របួងសួងសម្រាប់កីឡាករ Sala
អ្នកគាំទ្របួងសួងសម្រាប់កីឡាករ Sala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]