ប៉ាណាម៉ា៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Copa Airline ត្រូវបានបង្ខំចិត្តចុះចតវិញភ្លាមៗ ក្រោយជួបនឹងបញ្ហាបច្ចេកទេស ខណៈហោះចាកចេញពីអាកាសយានដ្ឋានទើបតែបានបន្តិច ក៏ស្រាប់តែម៉ាស៊ីនស្លាបមួយចំហៀងបាញ់ផ្កាភ្លើងព្រាកៗ ធ្វើឲ្យអ្នកដំណើរជាច្រើនភិតភ័យព្រលឹងចុងសក់។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន ចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩ បានរាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣១ មករា កន្លងទៅនេះ គឺនៅគ្រាដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Copa Airline បានហោះចាកចេញពីអាកាសយានដ្ឋាន Tocumen International Airport ក្នុងទីក្រុងប៉ាណាម៉ា (Panama) ប្រទេសប៉ាណាម៉ា។

ផ្ទុយទៅវិញ ការហោះហើរលើអាកាសក្នុងទីក្រុងទើបតែបានបន្តិច ក៏ស្រាប់តែយន្តហោះជួបរឿងស៊យធំ បាញ់ផ្កាភ្លើងព្រាកៗ នៅត្រង់តួម៉ាស៊ីនស្លាបមួយចំហៀងជាច្រើនដង ដែលធ្វើឲ្យអ្នកដំណើរមានការភិតភ័យ ខណៈដែលខាងអាកាសយានិកក៏បានប្រកាសអាសន្ន និងបង្ខំចិត្តបកក្បាលចុះចតវិញភ្លាមៗតែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្តែង តាមរយៈវីដេអូដែលថតបានដោយអ្នកដំណើរម្នាក់ ឈ្មោះ លោក Cesar Luciano និងបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម គឺពិតជាបានបង្ហាញពីទិដ្ឋភាពដែលម៉ាស៊ីនស្លាបមួយចំហៀងរបស់យន្តហោះ កំពុងតែបាញ់ផ្កាភ្លើងភឹបៗ ដែលគួរឲ្យភ័យបុកពោះមែន ហើយអ្នកដំណើរផ្សេងទៀត ក៏បានស្រែកទាំងភ័យខ្លាចផងដែរ។

លោក Luciano បាននិយាយថា នេះគឺជាលើកទី១ហើយ ដែលលោកបានជួបប្រទះនូវរឿងយ៉ាងដូច្នេះ។ លោកធ្លាប់តែគិតថា រឿងបែបនេះវាអាចកើតមានឡើងតែនៅក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលបានជួបផ្ទាល់ អារម្មណ៍ពិតជានិយាយមិនត្រូវមែន។

រូបភាពក្នុងថ្ងៃកើតហេតុ

គួរឲ្យដឹងផងដែរថា បន្ទាប់ពីអាកាសយានិក (ពីឡុត) បានប្រកាសពីបញ្ហានេះ យន្តហោះក៏បានត្រលប់ទៅចុះចតនៅអាកាសយានដ្ឋាន Tocumen International Airport វិញ និងជម្លៀសអ្នកដំណើរ បានដោយសុវត្ថិភាពផងដែរ។

យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍ក្នុងស្រុកវិញ ក៏បានឲ្យដឹងផងដែរថា នៅក្នុងថ្ងៃកើតហេតុនោះ ក៏ដោយសារតែមានសត្វបក្សីមួយក្បាល បានហោះចូលទៅក្នុងម៉ាស៊ីនស្លាប ដែលជាមូលហេតុបង្កឲ្យមានការផ្ទុះឆេះបែបនេះ។ ប៉ុន្តែបើទោះបីជាយ៉ាងណា ជុំវិញនឹងករណីនេះ ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតជាបន្តផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]