រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានប្រើប្រាស់គ្រឿងញៀនរហូតញៀនយ៉ាងខ្លាំងដល់កម្រិតបែកថ្នាំ ហើយលែងស្គាល់បុណ្យបាបអ្វីទាំងអស់ បានហាមាត់សុំលុយពីស្ត្រីជាម្ដាយដែលមានមុខរបរជាអ្នកស៊ីឈ្នួលបេះត្រកួនឲ្យគេ ហើយ១ថ្ងៃៗរកបានប្រាក់បន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិតប៉ុណ្ណោះ ។ ពេលនោះស្ត្រីជាម្ដាយបានប្រាប់ថា គ្មានលុយទេ ស្រាប់តែជនតិរច្ឆាននោះខឹងសម្បារក៏ធ្វើសកម្មភាពដុតផ្ទះចោល បណ្ដាលឲ្យឆេះម៉ដ្ឋក្លាយជាផេះផង់រួចហើយបានរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមផ្លូវលំ ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ផ្ទះដែលត្រូវភ្លើងឆាបឆេះនោះមានទំហំ៥ម៉ែត្របួនជ្រុងសាងសង់ពីឈើប្រក់ដំបូលស័ង្កសី ដែលជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ ឈ្មោះ តែង វណ្ណីអាយុ៥៩ឆ្នាំ ។ ចំណែកជនបែកថ្នាំដុតបំផ្លាញផ្ទះខ្លួនឯងនេះមិនទាន់ត្រូវបានទម្លាយឲ្យស្គាល់ឈ្មោះនៅឡើយ ព្រោះសមត្ថកិច្ចសុំលាក់សិនដោយជននេះកំពុងរត់គេចខ្លួន ហើយនគរបាលកំពុងតាមចាប់ខ្លួន ។
ស្ត្រីជាម្ដាយបានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់ជាមនុស្សប្រើប្រាស់គ្រឿងញៀនរហូតញៀនដល់កម្រិតបែកថ្នាំទៅហើយ ម្យ៉ាងទៀតមុន និងឈានដល់ការញៀនថ្នាំងប់ងុលយ៉ាងនេះ គាត់បានណែនាំប្រៀនប្រដៅអស់ចិត្តហើយ ប៉ុន្តែមិនស្ដាប់មិនតាមប្រដៅមិនបានទាល់តែសោះ ។ ដោយឡែក នៅវេលាល្ងាចថ្ងៃកើតហេតុ កូនចោរម្សៀតរូបនេះបានសុំលុយគាត់ចាយ ប៉ុន្តែគាត់ប្រាប់ថា គ្មានលុយឲ្យទេ ខណៈនោះបានធ្វើឲ្យកូនតិរច្ឆានខឹងសម្បារយ៉ាងខ្លាំង ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែកូនចង្រៃនេះបានដុតកម្ទេចផ្ទះរបស់គាត់ចោល បណ្ដាលឲ្យឆាបឆេះអស់គ្មានសល់រួចហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
នគរបាលបាននិយាយថា ខណៈពេលមានហេតុការណ៍បែបនេះកើតឡើងបង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំងហើយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ភ្លាមៗដោយបាននាំយករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញទៅបាញ់ព្រោះ បារម្ភខ្លាចឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះ ប៉ុន្តែបន្ទាប់ពីបាញ់អស់ទឹក១រថយន្តប៉ុណ្ណោះក៏រលត់ទៅវិញ តែផ្ទះនោះបានក្លាយទៅជាផេះផង់ទៅហើយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]