(ព្រះសីហនុ)៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បានឲ្យដឹងព័ត៌មាន​បឋម​ថា រយៈពេល ៣ថ្ងៃ ​ក្នុងពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី​៤ ដល់ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ គឺ​មាន​ភ្ញៀវសរុបប្រមាណ​​ ៥៨​,០០០នាក់ បានទៅលេងនៅខេត្តព្រះសីហនុ។ លោកបន្តថា ចំនួន​នេះ​បានថយចុះ ​៣៤,០៩% បើ​ប្រៀប​ធៀប​ពេល​​វេលាដូច​គ្នា​កាលពី​ឆ្នាំ​២០១៨​​​ មាន​ភ្ញៀវ​សរុបចំនួន​ ៨៨​,០០០​នាក់។

លោក​ សុចិត្រគ្រឹស្នា​ បង្ហាញរបាយការណ៍ថា ចំនួន​ភ្ញៀវ ដែល​បាន​មកសម្រាកកម្សាន្ត នាឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំប្រពៃណីចិន ​វៀតណាម និងកូរ៉េ សម្រាប់​រយៈពេល ៣ថ្ងៃនៅ​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវជាតិ​ប្រមាណ​ ៤៥​,៥០០នាក់ គឺថយចុះ ៤២,៤៤​% ដែលកាលពីឆ្នាំ​២០១៨ មាន​ចំនួន ៧៩​០៥០នាក់។

ចំណែក​ភ្ញៀវអន្តរជាតិប្រមាណ​ ១២​,៥០០នាក់ គឺបានកើនឡើងចំនួន ៣៩,៦៦% ដែល​កាលពីឆ្នាំ២០១៨​មាន​ចំនួន ៨​៩៥០នាក់។

របាយ​ការណ៍ដដែល បង្ហាញថា ភ្ញៀវចូលមកខេត្តព្រះសីហនុ តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មាន​​ចំនួន​ ៤៩ជើងហោះហើរ និងមានភ្ញៀវសរុប​ប្រមាណ ៥,២២០នាក់។ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ប្រមាណ​១៥០នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៥,០៧០នាក់។

ចំណែក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចេញទៅកម្សាន្តតាម​បណ្តាកោះនានា​សរុបមានចំនួន​ប្រមាណ ៩,២៩០​នាក់ ស្រី៣,៧៦៧នាក់។ ភ្ញៀវ​ជាតិមាន​ប្រមាណ ២,៥៥៥នាក់ ស្រី១,២៦៧នាក់ និងភ្ញៀវ​​​អន្តរ​ជាតិ​ប្រមាណ ៦,៧៣៥នាក់ ស្រី២,៥០០នាក់។

រីឯភ្ញៀវទេសចរចូលមកទស្សនា​ខេត្តព្រះសីហនុ តាមនាវា​ទេសចរណ៍​បរទេស ១គ្រឿង ដែល​បាន​ចូលមកចត​កំពង់​ផែស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ពុធ ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ មានភ្ញៀវទេសចរ​សរុប​ចំនួន ២៨៨​នាក់ ស្រី១៦៩នាក់ និងមាននាវិកសរុប ១៩៥នាក់ ស្រី៤៧នាក់។

​លោក តាំង សុចិត្រគ្រឹស្នា ​បន្ថែមថា ​ចំពោះភ្ញៀវទេសចរចូលទៅកម្សាន្តតាម​រ​មណីយ​ដ្ឋាន​នានា ក្នុង​ខេត្ត​ព្រះ​សី​ហ​នុរួមមាន៖ រមណីយដ្ឋានក្បាលឆាយមាន មានភ្ញៀវ​ប្រមាណ ៣​,៦៥៤នាក់។ ភ្ញៀវ​ជាតិមាន​ ៣​,២៨៩នាក់ និង​អន្តរជាតិមាន​ ៣៦៥នាក់។

រមណីយដ្ឋានថ្មរ៉ូងមាន​ភ្ញៀវ​ទេសចរសរុប​​ ២,៣៥០នាក់​។ ក្នុងនោះ​ភ្ញៀវជាតិ​មាន​​២,២៩០នាក់ និង​ភ្ញៀវ​អន្តរជាតិមាន៦០នាក់។ រមណីយដ្ឋានពិកនិក មានភ្ញៀវទេសចរសរុបមាន​ ៦៥០​នាក់។ ភ្ញៀវ​ទេសចរ​ជាតិ៤៥៥នាក់ និងអន្តរជាតិ១៩៥នាក់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]