អាមេរិក៖   លោក Colin kroll ដែលជាសហស្ថានិកបង្កើតហ្គេម HQ Trivia និងកម្មវិធី Vine  ដ៏ល្បីនៅសហរដ្ឋអាមេរិក  បានទទួលមរណភាពបាត់ទៅហើយ នៅអាយុ៣៤ឆ្នាំ ដោយមានលេចឭដំណឹងថា គាត់បានសេពគ្រឿងញៀនហួសកម្រិត។ នេះយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយ ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

អាជ្ញាធរអាមេរិកបានឲ្យដឹងថា លោក Collin បានដេកស្លាប់ក្នុងអាផាតមែនមួយកន្លែង មានទីតាំងនៅទីក្រុងញ៉ូវយក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នា២០១៨ កន្លងទៅ។ មូលហេតុដែលបណ្តាលឲ្យលោក Colin Kroll ស្លាប់  ព្រោះគាត់សេពថ្នាំញៀនជាច្រើនប្រភេទបញ្ចូលគ្នាក្នុងពេលតែមួយមានដូចជា ថ្នាំហ្វេតានីល ថ្នាំកូកាអ៊ីន និង ហេរូអ៊ីន។

លោក Colin kroll

ការស្លាប់របស់លោក Kroll ត្រូវបានគេសង្ស័យថា ជាករណីប្រើប្រាស់ថ្នាំញៀនជ្រុល ព្រោះក្រុមប៉ូលិសបានធ្វើ​កោសល្យវិច្ច័យ​លើសាកសពជនរងគ្រោះរួចហើយ តែមិនអាចរកឃើញស្នាមរបួស ឬការប៉ះទង្គិចអ្វីនោះទេ។ ប៉ុន្តែពួកគេបែរជារកឃើញថង់ថ្នាំញៀននៅក្បែរនោះទៅវិញ។ ប៉ូលិសបន្តថា គ្រានោះ សាកសពជនរងគ្រោះបានដេកផ្គាប់ក្បាលនៅលើពូក ហើយមានថ្នាំប្រភេទកូកាអ៊ីន និងហេរូអ៊ីនរាយប៉ាយពេញឥដ្ឋ។

ក្រោយការស្លាប់  ក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធរបស់លោក Kroll បានមកចូលរួមរំលែកទុក្ខ ហើយចងចាំទង្វើល្អ ភាពប៉ិនប្រសព្វ និងទេពកោសល្យខ្ពស់របស់ស្ថាបនិកវ័យក្មេងម្នាក់នេះ។

យោងតាមប្រសាសន៍អ្នកនាង Maggie Neuwald  អតីតគូដណ្តឹងលោក Kroll បានឱ្យដឹងថា មុនពេលស្លាប់ Kroll បានតស៊ូពុះពារគ្រប់ឧបសគ្គដើម្បីរិះរកវិធីអ្វីដែលថ្មីដើម្បីពន្លឿនល្បឿនវិស័យឧស្សាហកម្មបច្ចេកវិទ្យាឲ្យកាន់តែខ្លាំង។

គួររម្លឹកថា លោក Kroll  ជាអតីតស្ថានិកបង្កើតកម្មវិធីវីដេអូខ្លីៗដែលគេស្គាល់ថា Vine ដែលត្រូវបានក្រុមហ៊ុនបណ្តាញសង្គម Twitter សុំទិញយកក្នុងតម្លៃ ៣០លានដុល្លារកាលពីឆ្នាំ២០១២។ ក្រោយមកទៀត កម្មវិធី Vine ត្រូវបានបិទនៅក្នុងឆ្នាំ២០១៦។  លោក Kroll ក៏ជាសហស្ថាបនិកបង្កើតហ្គេមអនឡាញ HQ Trivia ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យជុំវិញសកលលោកផងដែរ៕

លោក Colin kroll និង អតីតគ្ូដណ្តឹង
លោក Colin kroll
ហ្គេម HQ Trivia
កម្មវីធី Vine

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]