ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​យក​កាំបិត​បុ័ងតោ​កាប់​ប្រហារ បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ជន​រង​គ្រោះជា​ប្តី​ដែល​ស្លាប់​ឈ្មោះ​ឆេ​ង អាយុ​២៤​ឆ្នាំ ជា​មន្ត្រី​យោធា (​ពលបាលទោ​) នៅ​វរៈ​សេនា​តូច​កងពលធំ​អន្តរាគមន៍​លេខ​២ និង​ជា​អ្នក​បញ្ជូន​សារ​។ ចំណែក​ជនសង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ បេង សុខលាភ អាយុ​១៩​ឆ្នាំ ។

លោក​វរសេនីយ៍ឯក សំ ប៊ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បន្ទាយស្រី បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា មុន​ពេល​កើ​តេ​ហ​តុ មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថា មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៩ គឺ​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​កាំបិត​កាប់​ប្តី បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​បាន​ប៉ុន្មាន​ម៉ោង​រួច​មក ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​រត់​គេចខ្លួន​នោះ​ទេ ។

បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​យក​មក​ទីបញ្ជាការ​ស្រុក ដើម្បី​ធ្វើការ​សួរនាំ និង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។

លោក​បាន​បញ្ជាក់​ថា ករណី​បណ្តាល​ឱ្យ​កើត​មាន​អំពើ​ហិង្សា​ខាងលើ​គឺ​មូលហេតុ​ផ្ដើម​ចេញពី​ប្រពន្ធ​សុំ​លែងលះ តែ​បុរស​ជា​ប្ដី​មិន​ព្រម ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​ប្រពន្ធ​បំរុង​នឹង​ចាក​ចេញពីផ្ទះ​នោះ ប្ដី​បាន​និយាយ​ថា «​បើ​ឱ្យ​លែង​ទៅ បង​សុំ​បន្សល់​ទុក​ស្លាកស្នាម​ដោយសារ​ស្នាដៃ​របស់​អូន​សិន​»​។ បន្ទាប់​មក​ក៏​មាន​អំពើ​ហិ​ង្ស​កើតឡើង​តែ​ម្ដង ហើយ​ករណី​នេះ​មិន​មាន​នរណា​ដឹង​ឡើយ ព្រោះ​កន្លែង​កើតហេតុ មាន​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែ​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ប្រពន្ធ​សុំ​ប្ដី​លែងលះ​បែប​នេះ គឺ​ដោយសារ​ម្ដាយ​ខាង​ប្រុស មិន​ពេញចិត្ត​ខ្លួន ទើប​ទំនាស់​ក្នុង​គ្រួសារ​ចេះ​តែ​កើត​មាន​ឡើង​មិន​ចេះ​ចប់​។

បច្ចុប្បន្ន ជនសង្ស័យ​ជា​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បន្ទាយស្រី រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]