ខេត្តកំពត ៖ នគរបាលបានចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីសម្លាប់អ្នកចាំចម្ការដែលជាជនដៃដល់ កាប់និងព្រួតវាយសម្លាប់អ្នកធ្វើចម្ការនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក កាលពីថ្ងៃទី៣១ មករា ២០១៩កន្លងមកនេះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្រោមផ្ទះ។
នេះជាអំពើឃោឃៅមួយបានកើតឡើងដោយរឿងជម្លោះដីធ្លីដ៏ចម្រូងចម្រាសដែលតាមប្រភពថា ជនទាំង៤នាក់នេះ ក៏ជាអ្នកទៅចាប់ដីនៅតំបន់នោះរាប់ហិកតាម្នាក់ៗដែរ ហើយការឈានដល់សម្លាប់គេនោះ ត្រូវគេដឹងក្រៅផ្លូវការថា បានធ្វើតាមបញ្ជាជននៅពីក្រោយខ្នង ។
អ្នកចាំចម្ការជាជនរងគ្រោះ ត្រូវបានគេសម្លាប់ឈ្មោះ អ៊ួន វណ្ណា ហៅមឹុល អាយុ៤៨ឆាំ្ន នៅភូមិដំណាក់ត្រាច ឃុំកណ្ដោល ស្រុកទឹកឈូ ។ ទោះបីផ្លូវពិបាក ក្នុងការធ្វើដំណើរទៅដល់ចំណុចកើតមានជម្លោះ រហូតដល់មានការសម្លាប់គ្នាក៏ដោយ នៅព្រឹកថ្ងៃទី៤ កុម្ភៈ ស្នងការដ្ឋាននគរបាលខេត្ត និងនគរបាលស្រុកឈូកដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី សៅ សំអឿន ស្នងការរងទទួលផែននគបាលយុត្តិធម៌បានដឹកជនសង្ស័យទាំង៤នាក់ ជាអ្មកវាយសម្លាប់អ្នកចាំដីចម្ការនោះឱ្យធ្វើត្រាប់ថា តើពួកគេវាយសម្លាប់ជនរងគ្រោះដោយរបៀបណា ដោយយករូបតុក្កតា(ម៉ានីកាំង)មួយទៅជាមួយផង ជាតំណាងជនរងគ្រោះ ។
ឈ្មោះ មឿន វាសនា ហៅខ្នា អាយុ២៦ឆាំ្ន នៅភូមិព្រៃពាយ ឃុំត្រពាំង ស្រុកឈូក ដែលជាជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ បានធ្វើត្រាប់ឱ្យនគរបាលមើលនៅផ្ទះជនរងគ្រោះថា ដំបូងឡើយនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ មករា ខ្លួនបានហៅជនរងគ្រោះឱ្យចុះមកពីលើផ្ទះ ។ ពេលជនរងគ្រោះចុះមកដល់ដីខ្លួនក៏កាប់តែម្ដង តែពេលកាប់ត្រូវហើយមានឈ្មោះ ព្រីង ឡន ភេទប្រុស អាយុ៦៥ឆាំ្ន ឈ្មោះ សឿង បុល អាយុ៤៦ឆាំ្ន និងឈ្មោះ ហ៊ាន ចាន់ ហៅស្រម៉ូម អាយុ៤១ឆាំ្ន បានជួយកាប់និងវាយបន្ថែមរហូតដល់ស្លាប់នៅក្រោម ផ្ទះ ។
លោកឧត្តមសេនីយ៍ត្រី សៅ សំអឿន ស្នងការរងនគរបាលបានប្រាប់ឱ្យដឹងថា ការសើុបអងេ្កតទៅលើករណីសម្លាប់ពលរដ្ឋនៅភូមិព្រៃពាយនេះ គឺមានការចង្អុលបង្ហាញជំនាញពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរឹទ្ធ ស្នងការនគរបាលខេត្ត ។ លោកឧត្តមសេនីយ៍បានបន្តថា ការដឹកជនសង្ស័យទៅដល់កន្លែងជនរងគ្រោះ ដែលពួកគេបានសម្លាប់យ៉ាងសាហាវនោះ មានកម្លាំងនគរបាលប្រមាណ៣០នាក់ ព្រោះតំបន់ដែលកើតជម្លោះ រហូតដល់មានការសម្លាប់គ្នានេះ គឺជាតំបន់សំបូរភ្នំ ប្រកបដោយគ្រោះថ្នាក់ ។ ឯវត្ថុតាងដែលបានដកហូតមានពូថៅ២ កាំបិតផ្គាក់១ ចំពាមកៅស៊ូ២ផងដែរ ។ លោកឧត្តមសេនីយ៍ឱ្យដឹងថា មានមនុស្សផ្សេងទៀត ជាប់ពាក់ព័ន្ធក្នុងរឿងសម្លាប់មនុស្សនៅភូមិព្រៃពាយនេះ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]