ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​ម្នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​ដងផ្លូវ​លំ ឋិត​ក្នុងភូមិ​មាត់ពាម ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ពី​បទ​ករណី​ហិង្សា​ដោយ​ស្ថាន​ទម្ងន់ (​បាញ់បោះ​អាវុធ​ខ្លី​អនាធិបតេយ្យ​) ។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហុ​ក ចេ​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ទឹកឈូ​បាន​បាញ់​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​ឈ្មោះ ឡាយ លី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​រង​របួស​មួយ​គ្រាប់ ក្រោម​ជង្គង់​ខាងស្តាំ ។

ប្រភព​បាន​បន្ត​ថា ការ​ដែល​ជនសង្ស័យ​បាញ់​នេះ​មូលហេតុ​ករណី​សាហា​យ​ស្មន់ (​គឺ​ប្តី​នារី​រង​គ្រោះ​ទៅ​លួច​សាហា​យ​ស្មន់​ជាមួយ​ប្រពន្ធ​ជនសង្ស័យ​) ហើយ​ជនសង្ស័យ​ក៏​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ដល់​ប្តី​នារី​រង​គ្រោះ​នេះ​ជា​ច្រើន​ដង​រួច​មក​ហើយ​ដែរ ប៉ុន្តែ​ប្តី​នារី​រង​គ្រោះ​នៅ​តែ​លួច​សាហា​យ​ស្មន់​ជាមួយ​ប្រពន្ធ​ជនសង្ស័យ​ដដែល​ទើប​ជនសង្ស័យ​ផ្ទុះ​កំហឹង​ភ្លើង​ប្រ​ច័ន្ទ​ប្រពន្ធ​ជាមួយ​ប្តី​នារី​រង​គ្រោះ​ដោយ​បាញ់​ប្តី ប៉ុន្តែ​គ្រាប់​ផ្លា​ត​ត្រូវ​ប្រពន្ធ​ឲ្យ​រង​របួស​ជើង​តែ​ម្តង ។

លោក​ឧត្តមសេនីយទោ ស្នងការ​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​ថា ទោះបី​ភាគី​ខាង​ប្តី​ស្ត្រី​រង​គ្រោះជា​អ្នក​សាហា​យ​ស្មន់​ក៏​ដោយ​ការ​ប្រើប្រាស់​អាវុធ​បាញ់បោះ​បង្ក​ឲ្យ​រង​របួស​ដល់​អ្នក​ដទៃ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់ ។

ក្រោយ​ពី​មាន​ហេតុ​ការ​នេះ​កើតឡើង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្នងការ​ខេត្ត​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]